ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស ពេជ្រ ព្រហ្មមុនី និងកែវ សារី ដាក់ពន្ធនាគារម្នាក់ៗពី២ ទៅ៥ឆ្នាំ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក យិន សារឿន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោស លោក ពេជ្រ ព្រហ្មមុនី ដាក់ពន្ធនាគារ កំណត់រយៈពេល៥ឆ្នាំ អនុវត្តទោស២ឆ្នាំ ក្រោមបទចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម យោងតាមមាត្រា ៥៩៥ នៃក្រមព្រហ្មទណ្ឌ និងសម្រេចផ្តន្ទាទោស លោកស្រី កែវ សារី ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀលចូលជាថវិការរដ្ឋ ក្រោមបទចោទពីបទជំនួញឥទ្ធិពលសកម្ម យោងតាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភោជនីយដ្ឋាន One More ខណ្ឌួលគោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។

សូមបញ្ជាក់ថា នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ លោកស្រី កែវ សារី បានអះអាងថា លោកស្រីមិនដែលស្គាល់ លោក ពេជ្រ ព្រហ្មមុនី ពីមុនមកនោះទេ។ លោកស្រីបានបញ្ជាក់ថា គឺលោកមេធាវី រស់ ផល្លា ជាអ្នករៀបចំឲ្យលោកស្រី ស្គាល់លោក ពេជ្រ ព្រហ្មមុនី ដោយលោក រស់ ផល្លា ថាលោក ពេជ្រ ព្រហ្មមុនី ជាគ្រូទាយពូកែម្នាក់ អាចជួយរៀបចំធ្វើ និងសែនជំនាងផ្ទះឲ្យមានសេចក្តីសុខ។ លោកស្រី កែវ សារី ថាលោកស្រី បានទៅជួបលោក រស់ ផល្លា និងលោក ពេជ្រ ព្រហ្មមុនី ជាមួយលោកស្រី ទាវ ធីតា ជាប្រពន្ធលោក ថោង សារ៉ាត់ នៅភោជនីយដ្ឋាន One More។ លោកស្រីបញ្ជាក់ថា ការជួបគ្នានោះគឺក្នុងគោលបំណងសុំឲ្យលោក ពេជ្រ ព្រហ្មមុនី ទស្សន៏ទាយឲ្យ ដោយពេលទាយចប់ លោកស្រីបានជូនកាដូមួយកញ្ចប់ និងស្រោមសំបុត្រមានលុយចំនួន ១០០០ដុល្លារទៅលោក ពេជ្រ ព្រហ្មមុនី ឲ្យស្រោមសំបុត្រមានលុយចំនួន ៥០០ដុល្លារទៅលោកមេធាវី រស់ ផល្លា និងឲ្យស្រោមសំបុត្រមានលុយចំនួន ៥០០ដុល្លារឲ្យទៅអង្គរក្សម្នាក់ ទៅជាមួយលោក ពេជ្រ ព្រហ្មមុនី។

ដោយឡែកលោក ពេជ្រ ព្រហ្មមុនី បានថ្លែងថាលោកពិតជាបានទៅជាមួយ លោកមេធាវី រស់ ផល្លា ដើម្បីទស្សន៏ទាយ ឲ្យលោកស្រី កែវ សារី នៅភោជនីយដ្ឋាន One More ពិតមែន។ លោកថា ការទស្សន៏ទាយនោះធ្វើឡើង តាមការស្នើសុំ ឲ្យជួយរបស់លោកស្រី ទាវ ធីតា ប្រពន្ធថោងសារ៉ាត់ និងមេធាវីរបស់លោកស្រី គឺលោក រស់ ផល្លា។

លោក ហេង សុខឃៀង មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា អង្គភាពប្រឆាំងអំពើពុករលួយ បានសាកសួរជនជាប់ចោទ ទាំងពីរនាក់ នៅក្នុងពន្ធនាគារ ហើយចម្លើយរបស់ពួកគេជាចម្លើយស្ម័គ្រចិត្ត ដោយមិនមានការបង្ខំនោះទេ ។

ឆ្លើយតបនឹងសំនួររបស់លោក ទួត លុច មេធាវីការពារសិទ្ធិលោកស្រី កែវ សារី លោក ហេង សុខឃៀង បានបញ្ជាក់ថា សំណុំរឿង ជំនួញឥទ្ធិពលសកម្ម និងជំនួយឥទ្ធិពលអកម្ម នេះអង្គភាពប្រឆាំងអំពើពុករលួយ រកមិនឃើញថា មានការជាប់ពាក់ព័ន្ធនឹង លោកមេធាវី រស់ ផល្លា លោកចៅក្រម លី សុខឡេង និងលោក អាំង មាលតី ជាអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញនោះទេ។

លោក ទួត លុច មេធាវីការពារសិទ្ធិលោកស្រី កែវ សារី បានថ្លែងសន្និដ្ឋានថា លោកទទួលស្គាល់សំណុំរឿង ដែលអង្គភាពប្រឆាំងអំពើពុករលួយ កសាងឡើង ប៉ុន្តែលោកបានថ្លែងថា ហេតុអ្វីតំណាងអយ្យការ មិនចោទប្រកាន់លោកស្រី ទាវ ធីតា លោកមេធាវី រស់ ផល្លា លោកចៅក្រម លី សុខឡេង និងលោក អាំង មាលតី ជាអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញផងទៅ? រឿងអ្វីតំណាងអយ្យការ ធ្វើការចោទប្រកាន់តែលោក ពេជ្រ ព្រហ្មមុនី និងលោកស្រី កែវ សារី តែ២នាក់ទៅវិញ? តើលោក ពេជ្រ ព្រហ្មមុនី អាចសម្រេចចិត្តដោះលែង កូនក្តីលោកបានទេ? លោក ទួត លុច ថា ប្រធានតុលាការ ចៅក្រម មេធាវី និងអ្នករៀបចំ ទើបត្រូវមកទទួល ខុសត្រូវក្នុងរឿងនេះ ព្រោះពួកគេជាអ្នកធ្វើសេចក្តីសម្រេច និងធ្វើសកម្មភាពនាំឲ្យ មានសេចក្តីសម្រេចចិត្ត មិនមែនកូនក្តីលោក និងលោក ពេជ្រ ព្រហ្មមុនី ជាអ្នកសម្រេចចិត្ត និងរៀបចំរឿងដោះលែងនេះទេ ពួកគេជួបគ្នារឿង ទស្សន៏ទាយ និងផ្តល់កាដូ ជាប្រាក់ជាប្រដាប់គ្រូទាយតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោកស្រី កែវ សារី ម្តាយលោក ថោង សារ៉ាត់ ត្រូវលោក ហ៊ឹង ប៊ុនថន តំណាងយ្យការចោទពីបទ ជំនួញឥទ្ធិពលសកម្ម យោងតាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ ចំណែកលោក ពេជ្រ ព្រហ្មមុនី ត្រូវជាប់ចោទពីបទ ជំនួញឥទ្ធិពលអកម្ម យោងតាមមាត្រា ៥៩៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភោជនីយដ្ឋាន One More ខណ្ឌួលគោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ លោក វ៉ង ហ៊ត់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស លោក ពេជ្រ ព្រហ្មមុនី ដាក់ពន្ធនាគារ រយៈពេល១៨ខែ តែអនុវត្តទោសក្នុងពន្ធនាគារតែ១០ខែ ពីបទ ជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងារសាធារណៈ យោងតាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ ៕

ពេជ្រ ព្រហ្មមុនី និងកែវ សារី (1)ពេជ្រ ព្រហ្មមុនី និងកែវ សារី (2)

មតិយោបល់