កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំណុចនៅភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ វី វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ ដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មករសំណង់ ។
វត្ថុតាងចាប់យករួមមាន៖ កាំបិតខ្វាង ដងឬស្សីផ្លែដែក ចំនួនមួយ។
មុនពេលកើតហេតុ ជនសង្ស័យកំពុងអង្គុយផឹកស្រាបៀរ នៅផ្ទះរបស់ខ្លួនជាមួយអ្នកជិតខាងចំនួន ០៣នាក់ ពេលជនសង្ស័យផឹកអស់ចំនួន ០២កំប៉ុង ស្រាប់តែជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ឌុបឈ្មោះ រុន ភេទប្រុស អាយុ ៥០ឆ្នាំ ជិះចូលទៅក្នុងទីធ្លាផ្ទះរបស់ជនសង្ស័យហើយឈប់ រួចបានសួរ ឈ្មោះ អ៊ុន ច្រឹប ត្រូវជាប្រពន្ធជនសង្ស័យ ពីរឿងថាអោយខ្លួនយកម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគី ឡែត របស់ឈ្មោះ បឿនទៅបញ្ចាំ តែឈ្មោះ អ៊ុន ច្រឹប បានឆ្លើយថាខ្លួនមិនបាននិយាយអីទេ ស្រាប់តែជនសង្ស័យបានមកស្តីបន្ទោសជនរងគ្រោះ នឹងបានជេរប្រមាថថែមទៀតឃើញដូចនោះ ជនរងគ្រោះឈ្មោះ អ៊ំ សារ៉ន បានជិះម៉ូតូចេញហើយឈប់នៅក្បែរនោះ ពេលនោះជនរងគ្រោះឈ្មោះ ផាន់ វណ្ណា ភេទស្រី (ត្រូវជាម្តាយក្មេករបស់ឈ្មោះ អ៊ំ សារ៉ន) បានដើរមកសួរនាំ ពេលនោះជនសង្ស័យ និងជនរងគ្រោះឈ្មោះ ផាន់ វណ្ណា បានឈ្លោះប្រកែកទាក់ពាក្យសម្តីគ្នាទៅវិញទៅមក ភ្លាមនោះជនសង្ស័យបានស្ទុះចូលទៅក្នុងផ្ទះបាយយកកាំបិតខ្វាង មកកាប់លើជនរងគ្រោះឈ្មោះ ផាន់ វណ្ណា ជាច្រើនកាំបិតបណ្តាលអោយជនរងគ្រោះរបួសផ្នែកក្បាលធ្ងន់ធ្ងរដួលទៅនឹងដី ឃើញដូចនោះជនរងគ្រោះឈ្មោះ អ៊ំ សារ៉ន បានរត់ចូលទៅដណ្តើមកាំបិតខ្វាងពីជនសង្ស័យតែត្រូវជនសង្ស័យដេញកាប់បណ្តាលអោយជនរងគ្រោះឈ្មោះ អ៊ំ សារ៉ន ដួល ពេលនោះជនសង្ស័យបានកាប់មកលើជនរងគ្រោះជាច្រើនកាំបិតទៀតបណ្តាលអោយរបួសដៃទាំងសងខាងរួចជនរងគ្រោះបានងើបរត់អោយគេជួយ ភ្លាមនោះបងប្អូនជនរងគ្រោះបានយកជនរងគ្រោះឈ្មោះ ផាន់ វណ្ណា ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកជនរងគ្រោះឈ្មោះ អ៊ំ សារ៉ន ទៅសំរាកព្យាបាលនៅមណ្ឌលសុខភាពអូររូងស្រុកបាទី ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រា បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់