ព័ត៌មានអន្តរជាតិ

ការប៉ះទង្គិចគ្នាដ៏ខ្លាំង នៅមីយ៉ាន់ម៉ា សម្លាប់មនុស្ស ១១ នាក់

មីយ៉ាន់ម៉ាៈ យ៉ាងហោចណាស់មនុស្ស១១នាក់ បានស្លាប់ក្នុងខែនេះនៅភាគខាងជើង
ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងកងកម្លាំងសន្តិសុខ និងក្រុមឧទ្ទាមប្រដាប់អាវុធ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ​ ឆ្នាំ២០១៦។

មនុស្សរាប់ពាន់នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ នៅរដ្ឋសាន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដើម្បីឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសចិន ចាប់តាំងពីមានការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅចុងខែវិច្ឆិកា។

យោងតាមមន្រ្តីក្នុងតំបន់ បានឲ្យដឹងថា រដ្ឋាភិបាលចិនបានដាក់យោធាខ្លួនឲ្យប្រុងជើងការខ្ពស់ ដោយខ្លាចកើតមានអំពើហិង្សា នៅក្នុងទឹកដីរបស់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីមានអ្នកស្លាប់ជាច្រើនក្នុងតំបន់នោះ។

សូមជំរាបថា ការប្រយុទ្ធគ្នានៅភាគខាងជើង ក្នុងរដ្ឋកាឈិន និងសាន រវាងកងកម្លាំងសន្តិសុខ និងក្រុមឧទ្ទាមនៅតែបន្ត បន្ទាប់បទឈប់បាញ់មួយ ត្រូវបានបរាជ័យកាលពីប៉ុន្មានខែចុងក្រោយនេះ៕

មតិយោបល់