ភ្នំពេញៈ ក្រោយពីចេញដីកាដោះលែងលោកមេធាវី ពេជ រតនា ឲ្យបាននៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនោះ លោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះបានបើកសវនាការកាត់ទោសជនជាប់ចោទឈ្មោះ ពេជ រតនា ពាក់ព័ន្ធនឹងករណី សូកប៉ាន់ ចៅក្រមមួយរូបនៃសាលាដំបូងរាជធានីភ្នំពេញ។ ហើយសំណុំរឿងនេះត្រូវបានលោក ស្វាយ តុញ លើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ។
ជនជាប់ចោទឈ្មោះ ពេជ រតនា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មេធាវី អត្តលេខ ៣៤៦ មានប្រពន្ធឈ្មោះ សាន សាក់នី មុខរបរ ក្រឡាបញ្ជី សាលាដំបូងរាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ២ដេ ផ្លូវ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានលោក ងិន ពេជ្រ តំណាងអយ្យការចោទប្រកាន់ពីបទ ប៉ុនប៉ងប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់ចៅក្រម) ប្រព្រឹត្តកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ យោងតាមមាត្រា ៤ ចំណុច១៧នៃច្បាប់ស្តីពីការប្រឆាំងអពើពុករលួយ។
នៅក្នុងសវនាការនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ ជនជាប់ចោទឈ្មោះ ពេជ រតនា បានឆ្លើយថា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ខ្លួនពិតជាបានយកលុយចំនួន ៥០០០ដុល្លារពីកូនក្តីឈ្មោះ សេង សាវី ភេទស្រី ទៅសុំតម្កល់ឲ្យចៅក្រមស៊ើបសួរ ឈ្មោះ ជួន សុរាសី មែនដើម្បីជាការតម្កល់កុំឲ្យចៅក្រមស៊ើបសួររូបនោះឃាត់ និងឃុំខ្លួនកូនក្តីលោក ខណៈដែលកូនក្តីលោកជាប្តីអ្នកស្រី សេង សាវី ត្រូវបានតុលាការចាប់ឃុំខ្លួនពាក់ព័ន្ធរឿងដីធ្លីរួចមកហើយ។
ទោះយ៉ាងណាជនជាប់ចោទរូបនេះបាន បញ្ជាក់ថា ចៅក្រមស៊ើបសួរ មិនព្រមទទួលយកសំណើសុំ ជាការតម្កល់ប្រាក់នោះទេ ហើយនៅគ្រាដែលលោកចាកចេញពីតុលាការក្រុងភ្នំពេញក៏ត្រូវសមត្ថកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនតែម្តង។
គួររំឭកថា ជនជាប់ចោទឈ្មោះ ពេជ រតនា ត្រូវបានលោក លី លីបម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ក្រោយពីលោក ងិន ពេជ្រ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើបទចោទមួយចំនួនរួមមាន បទប៉ុនប៉ងប្រព្រឹត្តអំពើពុករលួយ តាមមាត្រា ៤ ចំណុច១៧នៃច្បាប់ស្តីពី ការប្រឆាំងអពើពុករលួយ,បទ ពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ តាមមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ,បទ សមគំនិត តាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងបទ សូកប៉ាន់ចំពោះចៅក្រម តាមមាត្រា ៥១៨ នៃក្រមព្រហ្មទណ្ឌ៕
មតិយោបល់