ថៃៈ តម្រួតថៃប្រុស ស្រីចំនួន៣នាក់ បានរងរបួសយ៉ាងដំណំ ហើយក៏ជាសំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់ ផងដែរ ដោយសាររថភ្លើងបុកបើុងក្រឡាប់ផ្ងារជើងឡើងលើ ត្រង់ចំណុចផ្លូវឆ្លងកាត់ ខណៈដែលក្រុមតម្រួតទាំងនេះ កំពុងវិលត្រឡប់មកពីត្រួតពិនិត្យករណីភ្លើងឆេះផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ក្នុងខេត្តប្រាជីនបុរី ។
ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់កន្លែងផ្លូវខ្វែងគ្នា ក្នុងតំបន់ប្រាក់ប្រុង ស្ថិតក្នុងភូមិ៨ ឃុំខូកខៅបានណា ស្រុកកាប៊ីនបុរី ខេត្តប្រាជីនបុរី ប្រទេសថៃ។
នៅមុនពេលកើតហេតុ គឺគេឃើញមានរថយន្តមួយគ្រឿងលេខ ០២៥១ របស់ក្រុមតម្រួតបច្ចេកទេស និងកោសល្យវិច្ច័យ ដែលមានជិះគ្នា៣នាក់ និងបើកបរដោយលោក ឆាតទ្រី នៅខណៈដែលតួរថយន្ត កំពុងបើកឆ្លងកាត់ផ្លូវដែក ក្នុងគ្រាដែលរថភ្លើងរត់ក្នុងទិសដៅ ពីអារញ្ញប្រាក់ថេតទៅកាន់ទីក្រុងបាងកក មកដល់ល្មម
ក៏បានបុកចំក្បាលរថយន្តផ្នែកខាងឆ្វេង បណ្តាលឲ្យរថយន្តបើុងវិលក្រឡាប់ផ្ងារជើងឡើងលើ ដោយបណ្ដាលឲ្យមនុស្សចំនួន៣នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ។
តាមការរៀបរាប់ពីលោកឆាតទ្រី អ្នកបើកបររថយន្ត និងជាសមត្ថកិច្ចផងនោះ បានឲ្យដឹងថា លោកនិងក្រុមការងារ ទាំង៣នាក់ (មាននារីម្នាក់) បានធ្វើដំណើរវិលត្រឡប់មកពីត្រួតពិនិត្យទីតាំងដែលត្រូវភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋ ហើយក៏បានបើកឆ្លងកាត់ផ្លូវដែកនេះ ដោយគិតថា គ្មានរថភ្លើងមកនោះទេ ។ លុះពេលបើករថយន្ត
ដល់ខាងលើផ្លូវដែក ក៏ស្រាប់តែឃើញរថយន្តភ្លើងកំពុងបោះពួយមកដល់ល្មម លោកក៏បានដាក់បញ្ចូលលេខ ដើម្បីថយក្រោយវិញ គឺនៅពេលនោះហើយដែលម៉ាសុីនរថយន្តត្រូវរលត់ឈឹងតែម្តង៕
មតិយោបល់