ស្រីលង្កាៈ រដ្ឋមន្ត្រីជលផល លោក Mahinda Amaraweera បាននិយាយថា ស្រីលង្កានៅថ្ងៃពុធនេះ បានចាប់ផ្តើមនាំចេញផលនេសាទរបស់ខ្លួន ទៅកាន់សហភាពអឺរ៉ុប (EU) ក្រោយលើកលែងការហាមឃាត់ លើផលនេសាទប្រទេសនេះពីសហភាពអឺរ៉ុប។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។
លោក Amaraweera បានឲ្យដឹងថា សម្រាប់ការនាំចេញផលនេសាទដំបូងនេះ ត្រូវបានបញ្ជូនទៅទីក្រុង Amsterdam ប្រទេសហូឡង់។
ក្នុងនោះ ស្រីលង្កាក៏នឹងនាំចេញផលិតផលនេសាទ ទៅកាន់ប្រទេសសហភាពអឺរ៉ុប ជាច្រើនផ្សេងទៀតផងដែរ។
គណៈកម្មការអឺរ៉ុបថ្មីៗនេះ បានឲ្យដឹងថា បន្ទាប់ពីដំណើរការកិច្ចសន្ទនា ស្រីលង្កាបានកែទម្រង់ប្រព័ន្ធអភិបាលកិច្ចនេសាទរបស់ខ្លួន ដោយជោគជ័យ។
គួរបញ្ជាក់ដែរថា កាលពីមុនស្រីលង្កាជាប្រទេសទីពីរដ៏ធំ ដែលនាំចេញត្រីធូណា និងត្រី swordfish ស្រស់ៗទៅកាន់សហភាពអឺរ៉ុប ដោយគិតជាទឹកប្រាក់ ៧៤ លានអឺរ៉ូ ត្រូវនឹង ៨៣,៤ លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៣៕
មតិយោបល់