ព័ត៌មានអន្តរជាតិ

បញ្ហារ៉ូហ៊ីងយ៉ា អាចនឹងត្រូវដាក់ជារបៀបវីរះនៅកិច្ចប្រជុំអាស៊ាន ក្នុងប្រទេសហ្វីលីពីន

​មីយ៉ាន់ម៉ាៈ ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន នៅក្នុង​ទីក្រុង Yangon បាន​ផ្ដោតសំខាន់ទៅ​លើ​បញ្ហា ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា។ នេះយោងតាមសារព័ត៌មានChannel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។

​ពាក់ព័ន្ធនឹងព័ត៌មាន​ស្ដីពីវិបត្តិ​ ដែលកំពុង​បន្ត​កើត​ឡើង​នៅ​ក្នុង​រដ្ឋ Rakhine នឹងត្រូវផ្តល់ជូន​ដល់​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត ដើម្បី​សហការ​ក្នុង​ជួយ​សម្រប​សម្រួល ​ដល់​កិច្ចការ​ដឹក​ជញ្ជូន​ជំនួយ​ចូល​ទៅ​កាន់​តំបន់​ជម្លោះ​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នានា នៅ​ក្រោយ​ការបញ្ចប់​កិច្ច​ប្រជុំ​ កាលថ្ងៃ​ចន្ទ​នេះ។

បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​កិច្ច​ប្រជុំ​នេះ លោក Anifah Aman រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ថា «ខ្ញុំ​ជឿ​ថា នៅ​ក្នុង​ស្មារតី​រក្សា​ភាព​រួបរួម​តែ​មួយ​របស់​អាស៊ាន យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ​ទាំង​អស់​គ្នា»។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​នេះ។ លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​អាច​ទាញ​ប្រយោជន៍​ពី​វិបត្តិ​នេះ ដោយ​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត «ក្រុម​អ្នក​ជំនាញ​ការ​ឯករាជ្យ» មួយ​ក្រុម ដើម្បី​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​ធ្វើ​បាប​នៅ​ក្នុង​រដ្ឋ Rakhine។

រដ្ឋាភិបាល​រដ្ឋ Rakhine និង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា បាន​បង្កើត​គណៈកម្មាធិការ​ស៊ើប​អង្កេត​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ លោក Retno Marsudi រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ បាន​ថ្លែង​ថា៖ «រដ្ឋមន្ត្រី​ការបរទេស​ទាំង​អស់ ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​ដោយ​ស្មារតី​ស្មោះត្រង់​ទៅ​វិញ​ទៅ​មក»។

ក្នុងនោះរដ្ឋមន្ត្រី​ការបរទេស​ដទៃ​ទៀត​ ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ ក៏បញ្ជាក់ដែរថា កិច្ច​ប្រជុំ​នេះ​ ជា​កិច្ច​ប្រជុំ​ប្រកប​ដោយ​ផ្លែផ្កានិងអាចលើកឡើងក្នុងកិច្ចប្រជុំអាស៊ានលើកទី៣០​ ក្នុងប្រទេសហ្វីលីពីន៕

មតិយោបល់