អាមេរិកៈ ថ្លែងនៅក្នុងសុន្ទរកថាជាសាធារណៈលើកចុងក្រោយនៃស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក គឺលោកស្រី Michelle Obama បានលើកឡើងថា ក្មេងអាមេរិកជំនាន់ក្រោយ ពិសេសអ្នកដែលកើតនៅក្នុងគ្រួសារដែលជាជនអន្តោប្រវេសន៍ មិនគួរភ័យខ្លាចនាពេលខាងមុខនោះទេ តែត្រូវតែជម្នះចំពោះវា ដោយសារទាំងអស់គ្នា គឺជាអ្នកដែលធ្វើឲ្យអាមេរិកអស្ចារ្យ ហើយក៏ជាអ្នកដែលនឹងដឹកនាំប្រទេសនេះ នាពេលអនាគតផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។
ការថ្លែងរបស់លោកស្រី បានធ្វើទ្បើងបន្ទាប់ពីរយៈពេល ៨ ឆ្នាំ នៅក្នុងសេតវិមាន វាក៏បានដល់ពេលដែលលោកស្រី និងប្ដីលោក Barack Obama ត្រូវចាកចេញនៅថ្ងៃទី ២០ ខែមករា ខាងមុខ នៅពេលដែលលោក ដូណាល់ ត្រាំ ត្រូវចូលស្បថទ្បើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកថ្មី។
ដោយលោកស្រីបាននិយាយថា «សម្រាប់ក្មេងជំនាន់ក្រោយទាំងអស់ មិនថាអ្នកមានប្រវត្តិយ៉ាងដូចម្តេចនោះទេ ទោះបីឪពុកម្តាយអ្នក ជាជនអន្តោប្រវេសន៍ក៏ដោយ ប៉ុន្តែអ្នកត្រូវដឹងថា អ្នកគឺជាផ្នែកមួយនៃប្រពៃណី វប្បធម៌ និងទេពកោសល្យដ៏អស្ចារ្យរបស់អាមេរិកនាពេលអនាគត »៕
មតិយោបល់