អាមេរិកៈ កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា លោកនឹងចាប់ផ្ដើមសង់ជញ្ជាំងព្រំដែន ជាមួយប្រទេសម៉ិកស៊ិកឲ្យបានឆាប់មុនការគ្រោងទុក រួមទាំងកសាងយោធាទ្រង់ទ្រាយដ៏ធំមួយ ដើម្បីការពារប្រទេសឲ្យមានសុវត្ថិភាពពីភេរវជនបរទេស ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងក្នុងសកម្មភាពនយោបាយអភិរក្សនិយម (CPAC) លោក ត្រាំ បាននិយាយថា « យើងកំពុងកសាងជញ្ជាំង ដែលនឹងចាប់ផ្តើមយ៉ាងឆាប់មុនការគ្រោងទុក។ គ្មាននរណាម្នាក់ មករញ៉េរញ៉ៃជាមួយយើងទ្បើយ ហើយវានឹងជាផ្នែកមួយនៃការកសាងកម្លាំងយោធាធំបំផុត នៅក្នុងប្រវត្តិសាស្រ្តអាមេរិក »។ លោកបានបន្ថែមថា « ការការពារជាតិ ព្រមទាំងអ្វីគ្រប់យ៉ាង នឹងល្អប្រសើរ ធំ និងខ្លាំងជាងមុន»។
ក្នុងនោះដែរ លោកក៏បានបញ្ជាក់ទៀតថា ការទទួលចូលមកនៃមនុស្សអាក្រក់ នឹងចេញឆ្ងាយពីប្រទេសនេះ។
សេចក្ដីអត្ថាធិប្បាយរបស់លោក បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក Rex Tillerson និងលោក John Kelly រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិ បានជួបប្រជុំគ្នាជាមួយសមភាគីម៉ិកស៊ិករបស់ពួកគេ នៅទីក្រុងម៉ិកស៊ិក៕
មតិយោបល់