ម៉ិកស៊ិកៈ រដ្ឋាភិបាលម៉ិកស៊ិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ស្ដេចរត់ពន្ធថ្នាំញៀនម៉ិកស៊ិក Joaquin “El Chapo” Guzman ឬហៅ El Chapo ដែលបានហែកគុកគេចខ្លួន តាមរយៈផ្លូវរូងក្រោមដី ត្រូវបានគេធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកហើយ ក្រោយការចាប់ខ្លួនបាន កាលពីថ្ងៃសុក្រ ទី០៨ ខែមករា។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
លោក El Chapo បានមកដល់ទីក្រុងញូវយ៉ក តាមជើងហោះហើរមួយ ពីទីក្រុង Cuidad Juarez ប្រទេសម៉ិកស៊ិក ដែលគាត់អាចប្រឈមមុខជាប់ពន្ធនាគារក្នុងសហរដ្ឋអាមេរិកមួយជីវិត ពីបទជួញដូរ និងរត់ពន្ធគ្រឿងញៀនចំនួនដ៏ធំ ចូលទៅក្នុងប្រទេស។
លោក El Chapo ជាមេដឹកនាំក្រុមជួញដូរគ្រឿងញៀន Sinaloa Cartel ដ៏ធំបំផុតក្នុងពិភពលោក កំពុងប្រឈមនឹងសំណើបត្យាប័នពីរ ដោយទី១ មកពីរដ្ឋកាលីហ្វញ៉ា និងមួយទៀតមកពីរដ្ឋតិចសាស់។
គួរបញ្ជាក់ដែរថា ស្ដេចជួញដូរគ្រឿងញៀនរូបនេះ បានរត់គេចចេញពីគុកក្នុងប្រទេសម៉ិកស៊ិក កាលពីខែកក្កដា ឆ្នាំ២០១៥ តាមរយៈផ្លូវរូងក្រោមដី ដែលមានចម្ងាយរហូតដល់ ១,៥គីឡូម៉ែត្រ ទទឹងជិត ១ម៉ែត្រ និងកម្ពស់ ១,៧ម៉ែត្រ ហើយបើតាមក្រុមអ្នកជំនាញ បានឲ្យដឹងថា គម្រោងផ្លូវរូងក្រោមដីនេះ ប្រើរយៈពេលជាង ១ឆ្នាំ និងចំណាយលុយអស់ ៥០លានដុល្លារអាមេរិក៕

មតិយោបល់