គ្រោះទឹកជំនន់នៅ តាហ៊ីទី ដែលជាបណ្តុំកោះរបស់ប្រទេសបារាំង (French Polynesia) បានធ្វើឲ្យប្រជាជនជាង ៦ ពាន់គ្រួសារ គ្មានផ្ទះសម្បែង និងធ្វើឲ្យយន្តហោះពីរគ្រឿងបានលិចក្នុងព្រលានយន្តហោះក្នុងកោះនេះតែម្តង។ នេះបើតាមរយៈសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៧។
គណៈកម្មការ បណ្តុំកោះរបស់ប្រទេសបារាំង ( French Polynesia ) បានឱ្យដឹងថា មនុស្សបីនាក់បានរងរបួសធ្ងន់ខណៈដែលផ្ទះជាង ១០០ ខ្នង ត្រូវបានបំផ្លាញ និងព្រលានយន្តហោះក្នុងទីក្រុងបានលិចទឹកទាំងស្រុង ដែលបណ្តាលឱ្យជើងហោះហើរ Air France ត្រូវបានបង្វែរការចុះចតទៅកាន់ព្រលានយន្តហោះនៅក្នុងកោះ Cook វិញ។
លោក Frederic Poisot មន្រ្តីនៃអគ្គស្នងការបារាំងបានមានប្រសាសន៍ថា ភ្លៀងអាចនឹងបន្តធ្លាក់រហូតដល់ថ្ងៃអង្គារ៍នេះ ដែលជាហេតុធ្វើឲ្យអាជ្ញាធរមិនទាន់សម្រេចនូវពេលបើកឡើងវិញនៃព្រលានយន្តហោះក្នុងកោះមួយនេះនៅឡើយទេ។
សូមជម្រាបថា តាហ៊ីទីជាកោះដែលធំជាងគេបំផុតនៅប្រទេសបារាំងដែលមានប្រជាជនប្រហែល ២៧៦.០០០ នាក់ កំពុងរស់នៅ និងអាចទទួលភ្ញៀវទេសចរ រហូតដល់ ១៨០.០០០ នាក់មួយឆ្នាំៗ៕
មតិយោបល់