ភ្នំពេញៈ ជនជាប់ចោទឈ្មោះ ហេង សុផាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនទឹកសុទ្ធ វីតាល់ បានប្តឹងសុំនៅក្រៅឃុំ ក្រោយពីរូបគេជាប់ពន្ធនាគារតាំពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីអំឡុងដើមឆ្នាំ២០១៦។
លោកស្រី សុខ ចាន់លីដា មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បានបញ្ជាក់នៅក្នុងសវនាការថា មូលហេតុដែលកូនក្តីលោកស្រី ប្តឹងសុំនៅក្រៅឃុំនេះ គឺដោយសារតែដើមបណ្តឹង និងជនរងគ្រោះព្រមដកពាក្យបណ្ដឹង ប្តឹងកូនក្តីលោកស្រី និងព្រមព្រៀងឱ្យកូនក្តីលោកស្រីរៀបការជាមួយកុមារីរងគ្រោះ។
ដោយឡែកលោក ហេង មង្គល ជាឪពុកបង្កើតរបស់កុមារីរងគ្រោះឈ្មោះ ហ.អ.ជ.ល.ណ បានថ្លែងនៅក្នុងសវនាការនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះថា ពីដើមឡើយលោកបានប្តឹងឈ្មោះ ហេង សុផាន់ណា ព្រោះតែខឹងជននេះបានរួមភេទជាមួយកូនស្រីលោករហូតមានផ្ទៃពោះ៣ខែ ប៉ុន្តែពេលនេះលោកសុខចិត្តដកពាក្យបណ្តឹង ឈប់ប្តឹងជនជាប់ចោទ ដោយសារតែកូនស្រីលោកអង្វរ សុំរៀបការជាមួយជនជាប់ចោទ។
លោកស្រីន ស៊ឺ វណ្ណនី តំណាងអយ្យការបានថ្លែងសន្និដ្ឋានថា ដោយសារជនជាប់ចោទមានការងារត្រឹមត្រូវ និងសន្យាថា នឹងរៀបការជាមួយជនរងគ្រោះនៅពេលបាននៅក្រៅឃុំនោះ លោកស្រីសុំឱ្យលោក វេង ហ៊ត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងចៅក្រមប្រឹក្សាពិនិត្យតាមផ្លូវច្បាប់ ដើម្បីប្រកាសសាលក្រមសម្រេចនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ៕
https://youtu.be/T9XyYuiWMw0

មតិយោបល់