ព័ត៌មានអន្តរជាតិ

ចិន និងកូរ៉េខាងត្បូង ជំរុញឲ្យកូរ៉េខាងជើង ស្ងប់ស្ងាត់រឿងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ នាពេលខាងមុខ

កូរ៉េ: ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ខ្លួនអាចនឹងពិភាក្សាជាមួយអាមេរិក មុនពេលដែលក្រុងវ៉ាស៊ីនតោន ធ្វើការវាយប្រហារប្រឆាំងនឹងក្រុងព្យុងយ៉ាង ខណ:ដែលប្រទេសចិន ក៏បានជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរសម្រាប់ទទួល​បានការការពារពីទីក្រុងប៉េកាំង។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ។

ជាមួយនឹងក្រុមកម្លាំងវាយប្រហារជើងទឹកអាមេរិក ដែលបានធ្វើដំណើរដោយនាវាផ្ទុកយន្តហោះ ឆ្ពោះមកកាន់តំបន់ក្បែរឧបទ្វីបកូរ៉េ បានបង្កើនភាពតានតឹងខ្លាំងទ្បើង នៅសប្តាហ៍នេះ បន្ទាប់ពីមានការបារម្ភថា កូរ៉េខាងជើង អាចនឹងធ្វើតេស្តនុយក្លេអ៊ែររបស់ខ្លួន ជាលើកទីប្រាំមួយ ឬបាញ់មីស៊ីលបន្ថែមទៀត ក្រោយពីរឹងទទឹងចំពោះការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ធំមួយរបស់កូរ៉េខាងជើង បានអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិវិធី បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនូវជម្លោះរវាងអាមេរិក និងទីក្រុងព្យុងយ៉ាង។

នៅថ្ងៃព្រហស្បតិ៍នេះ កាសែតដែលគាំទ្រដោយរដ្ឋចិន បាននិយាយថា វិធីសាស្ត្រដ៏ល្អបំផុត សម្រាប់កូរ៉េខាងជើង និងមេដឹកនាំលោក គីម ជុងអ៊ុន គឺត្រូវបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានគូសបញ្ជាក់ពីការព្រួយបារម្ភនូវការគំរាមកំហែងពីកូរ៉េខាងជើង ដែលបានប្រាប់សភាទីក្រុងតូក្យូថា ក្រុងព្យុងយ៉ាង អាចមានសមត្ថភាពបាញ់មីស៊ីល ដែលបំពាក់ជាមួយនឹងឧស្ម័នគីមីម៉្យាង ប៉ះពាល់ដល់សរសៃប្រសាទ។

អំទ្បុងពេលដែល ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់ប្រទេសកូរ៉េខាងជើងថា លោកនឹងមិនអត់ឱនចំពោះសកម្មភាពបង្កហេតុរបស់ក្រុងព្យុងយ៉ាងទ្បើយ ដោយមន្រ្តីសេតវិមាន បាននិយាយថា រដ្ឋបាលអាមេរិក​បានផ្តោតសំខាន់លើយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីទប់ទល់នឹងកូរ៉េខាងជើង ដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។

លោក ដូណាល់ ត្រាំ បានព្រមាននៅថ្ងៃអង្គារថា​ ក្រុងវ៉ាស៊ីនតោន បានរៀបចំរួចជាស្រេច ដើម្បីដោះស្រាយបញ្ហានឹងកូរ៉េខាងជើង ដោយកម្លាំងយោធាផ្ទាល់ខ្លួន ប្រសិនបើចាំបាច់។

ការព្រមានរបស់លោក ត្រាំ បានកើតឡើងនៅពេលក្រុមកម្លាំងវាយប្រហារជើងទឹកអាមេរិក បានដឹកនាំឆ្ពោះទៅកាន់ ឧបទ្វីបកូរ៉េ ដែលជំរុញឲ្យកូរ៉េខាងជើង រឹតតែបន្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន និងថែមទាំងបានប្រកាសថា ក្រុងព្យុងយ៉ាងត្រៀមខ្លួនជាស្រេច ប្រសិនបើអាមេរិកចង់ធ្វើសង្រ្គាម ជាមួយប្រទេសខ្លួន៕

មតិយោបល់