ម៉ាឡេស៊ីៈ ចំនួនជនរងគ្រោះដោយសារទឹកជំនន់ នៅឯកន្លែងមជ្ឈមណ្ឌលជម្លៀសចំនួន ៧០ ទីតាំង បានកើនឡើងដល់ ៨.២០៤ នាក់ ក្នុងចំណោម ២.៤២៧ គ្រួសារ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧។
ប្រធានគណៈកម្មាធិការសុខាភិបាល និងបរិស្ថានរដ្ឋលោក Datuk Ayub Rahmat បាននិយាយថា ស្រុក Segamat បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សចំនួន ៦.៦០៩ នាក់ (មកពី ២.០១២ គ្រួសារ) ត្រូវបានជម្លៀសខ្លួនចេញ ដែលបើធៀបនឹងកាលពីម្សិលមិញ គឺមានមនុស្ស ៤.៩២១ នាក់ (មកពី ១.៥១៨ គ្រួសារ) ។
នាយករដ្ឋមន្រ្តីលោក Najib Razak បាននិយាយនៅលើ Twitter ថា «រដ្ឋាភិបាលម៉ាឡេស៊ី នឹងពិនិត្យតាមដានយ៉ាងដិតដល់ អំពីបញ្ហាទឹកជំនន់នៅរដ្ឋ Johor និង Pahang» ។
មកទល់ពេលនេះ នៅតំបន់ប្រជុំជន Tangkak មនុស្សសរុបចំនួន ១៥៧ នាក់ ក្នុងចំណោម ៤១ គ្រួសារ ត្រូវបានសង្គ្រោះទៅទីតាំងមជ្ឈមណ្ឌល ៥ កន្លែង និងនៅទីក្រុង Johor Bahru មនុស្ស ៨៨ នាក់ (មកពី ២៤ គ្រួសារ) ត្រូវបានជម្លៀសទៅមជ្ឈមណ្ឌលសង្គ្រោះ ២ កន្លែង។
ក្នុងនោះដែរ លោក Ayub បានឲ្យដឹងថា នៅទីក្រុង Kota Tinggi ជនរងគ្រោះ ១.០០៣ នាក់ (មកពី ២៤៩ គ្រួសារ) ត្រូវបានគេជម្លៀសទៅមជ្ឈមណ្ឌលសង្គ្រោះចំនួន ៥ កន្លែង ខណៈដែលមជ្ឈមណ្ឌល នៅស្រុក Kluang ៤ កន្លែងទៀត បានបើកដើម្បីផ្តល់នូវជម្រក សម្រាប់ជនរងគ្រោះដោយទឹកជំនន់ ១៣៥ នាក់ (មកពី ៣៥ គ្រួសារ)៕

មតិយោបល់