ព័ត៌មានអន្តរជាតិ

ផ្ទុះការតវ៉ានៅព្រលានយន្តហោះសុវណ្ណភូមិប្រទេសថៃ

ថៃៈ មន្ត្រីបម្រើការ នៅ​អង្គភាពត្រួតពិនិត្យ តាមរយៈកាំរស្មីអ៊ិចប្រហែលប្រមាណ ៣០០នាក់ កំពុងធ្វើកូដកម្មតវ៉ា នៅឯព្រលានយន្តហោះសុវណ្ណភូមិ ក្នុងទីក្រុងបាងកក បណ្ដាលឲ្យស្ទះការងាររហូតដល់យកមន្ត្រី ពីព្រលានយន្តហោះដនមឿង និងព្រលានយន្តហោះផ្សេងទៀតមកជំនួសជាបណ្តោះអាសន្ន ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។

កាលពីយប់ថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ាកូដកម្មប្រមាណ ៣០០នាក់ បានប្រមូលផ្តុំគ្នា ដើម្បីសម្តែងការទាមទាររបស់ខ្លួន
នៅមុខការិយាល័យគ្រប់គ្រងសន្តិសុខ ASM ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Loxley ដែលមានប្រតិបត្តិការប្រព័ន្ធកាំរស្មីអ៊ិចត្រួតពិនិត្យលើឥវ៉ាន់ ស្ថិតនៅទល់មុខព្រលានយន្តហោះសុវណ្ណភូមិ ដោយពួកគេចង់ឲ្យក្រុមហ៊ុនបង្កើនប្រាក់ខែគោលពី ៩.០០០ ទៅដល់ ៩.៣០០ បាត ក្នុងមួយខែ និងបង្កើនការពង្រឹងជំនាញ ព្រមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀត។

លោក Kan Thongyai អ្នកគ្រប់គ្រងទូទៅ ASM បានចេញមកក្រៅ ដើម្បីចរចាជាមួយបុគ្គលិកដែលកំពុងធ្វើកូដកម្ម
កាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែមិនទាន់ដំណោះស្រាយកិច្ចព្រមព្រៀងនៅឡើយទេ ដោយខាងក្រុមហ៊ុន បានឲ្យយដឹងថា ការទាមទារនេះ គឺខ្ពស់ពេកហើយមិនអាចទទួលយកបាននោះទេ៕

មតិយោបល់