ព័ត៌មានអន្តរជាតិ

ប្រធានសភាអង់គ្លេស នឹងមិនអនុញ្ញាតឲ្យលោក ត្រាំ ថ្លែងសុន្ទរកថា ក្នុងសភាខ្លួននោះទេ

អង់គ្លេសៈ ប្រធានសភាអង់គ្លេសលោក John Bercow បានជំទាស់យ៉ាងខ្លាំង ទៅនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលចង់ថ្លែងសុន្ទរកថា នៅក្នុងសភា អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មកកាន់ប្រទេសអង់គ្លេស។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Bercow បានប្រាប់សមាជិកសភាថា «ការប្រឆាំងទៅនឹងការរើសអើងជាតិសាសន៍ និងភេទ របស់លោក ត្រាំ គួរតែត្រូវបានពិចារណាឲ្យម៉ត់ចត់»។

ក្នុងនោះដែរ គណបក្សពលករ (Labour) និង គណបក្សជាតិស្កុតឡែន (SNP) ដែលជាមេដឹកនាំគាំទ្រក្រុមអ្នកបំបែកខ្លួនចេញពីអង់គ្លេស ដើម្បីប្រកាសឯករាជ្យនៅតំបន់ស្កុតឡែន បានសរសើរគាំទ្រទៅនឹងការលើកទ្បើងរបស់ប្រធានសភាផងដែរ ប៉ុន្តែក្រុមអ្នករិះគន់ បាននិយាយថា លោក Bercow គួរតែស្ថិតនៅអព្យាក្រឹតល្អជាង។

សូមជំរាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានអញ្ជើញឲ្យធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដោយនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ក្រោយជំនួបប្រជុំនៅទីក្រុងវ៉ាស៊ីនតោន កាលពីខែមុន៕

មតិយោបល់