ព័ត៌មានអន្តរជាតិ

ពលករកម្ពុជា ១៥ នាក់ ត្រូវបានចាប់ខ្លួននៅកណ្តាលទីក្រុងបាងកក

ថៃ: ប្រធានការិយាល័យអន្តោប្រវេសន៍ថៃ លោក Natthorn Prohsunthon នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា អ្នកបើកបររថយន្តជនជាតិថៃម្នាក់ និងពលករចំណាកស្រុកខុសច្បាប់មកពីកម្ពុជាចំនួន ១៥នាក់ ត្រូវបានចាប់ខ្លួន នៅទីក្រុងបាងកក បន្ទាប់ពីរថយន្តនេះ បានធ្វើដំណើរនាំយកពលករទាំងនោះ មកពីខេត្តស្រះកែវ ស្ថិតនៅតាមព្រំដែនភាគខាងកើតជាប់ប្រទេសកម្ពុជា។ នេះបើយោងតាមរយ:សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧។

យុវជនឈ្មោះ Puwanart Pothirak អាយុ ២០ ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោងប្រហែល ៣ ទៀបភ្លឺ នៅពេលដែលប៉ូលិសចុះឆែកឆេរ នៅសង្កាត់ Prawet ក្នុងទីក្រុងបាងកក។

តាមមន្រ្តីប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា រថយន្តនេះ បានដឹកពលករកម្ពុជា ១៥នាក់ ដែលគ្មានឯកសារឆ្លងដែនស្របច្បាប់ ដោយក្នុងនោះ មានប្រុស៨នាក់ និងស្ត្រី៧នាក់ មានអាយុចន្លោះពី២០ ដល់ ៣៤ ឆ្នាំ។

យុវជន Puwanart បានប្រាប់ប៉ូលិសថា ខ្លួនបាននាំយកពលករកម្ពុជា ១៥នាក់ ពីព្រំដែនខេត្តស្រះកែវ ដើម្បីទៅធ្វើការនៅកន្លែងនានា ក្នុងទីក្រុងបាង ដោយយកលុយថ្លៃធ្វើដំណើរពីពួកក្នុងម្នាក់ៗ ចាប់ពី ២.០០០ ទៅ ២.៥០០បាត។

ខណ:នេះដែរ​ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀត ដោយសង្ស័យថា យុវជនរូបនេះ អាចជាប់ពាក់ព័ន្ធនឹង បណ្តាញជួញដូរមនុស្ស។

បច្ចុប្បន្នយុវជនរូបនេះ ត្រូវបានអាជ្ញាធរ ចោទប្រកាន់ពីបទនាំជនបរទេសចូលមកក្នុងប្រទេសខុសច្បាប់ ហើយចំណែកពលករកម្ពុជា១៥នាក់ ត្រូវបានចោទប្រកាន់ពីបទលួចឆ្លងដែនចូល ដោយខុសច្បាប់៕

មតិយោបល់