បរទេសៈ យោងតាមការធ្វើបច្ចុប្បន្នភាព នៅបារាំង និងអ៊ីតាលី បានកត់សម្គាល់ឃើញថា ចំនួនអ្នកស្លាប់ ដោយសារវីរុសឆ្លងកូរ៉ូណា នៅក្នុងប្រទេសរបស់ពួកគេ មានការថយចុះ គឺតួលេខទាបបំផុត ក្នុងរយៈពេលមួយ និងពីរសប្តាហ៍កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
ទន្ទឹមគ្នានេះដែរ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើតេស្ត បន្ទាប់ពីរយៈពេល ១០ ថ្ងៃមកនេះ មានការចេញរោគសញ្ញានៃវីរុសឆ្លងកូរ៉ូណា ក្រោយពីរូបលោក បានធ្វើតេស្តបញ្ជាក់ថា វិជ្ជមានកូវីដ១៩។
ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អាមេរិក កំពុងឈានដល់អ្វីដែលធ្ងន់ធ្ងរបំផុត នៅក្នុងសប្តាហ៍របស់ខ្លួន ដោយរដ្ឋញូវយ៉ក បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ៥៩៤ នាក់ និងករណីអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៨,៣២៧ នាក់ ក្នុងរយៈពេលត្រឹម ២៤ ម៉ោងប៉ុណ្ណោះ។
សូមជំរាបថា ចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងកូវីដ ១៩ នៅទូទាំងពិភពលោកលើសពី ៦៨,០០០ នាក់ហើយ នេះបើយោងតាមទិន្នន័យ ដែលត្រូវបានចងក្រង ដោយសាកលវិទ្យាល័យ Johns Hopkins និងចំនួននៃការឆ្លងបានកើនឡើងលើស ១.២៦ លាននាក់ឯណ្ណោះ៕

មតិយោបល់