ព័ត៌មានសុខភាព

អាហារ៦ប្រភេទ ជួយឲ្យកូនរបស់អ្នកលូតកម្ពស់ត្រូវតាមស្តង់ដារ

ជាទូទៅប្រជាជននៅតំបន់អាស៊ីភាគច្រើនមានកម្ពស់មិនសូវខ្ពស់ ដូចជាប្រជាជននៅប៉ែកអឺរ៉ុបនោះទេ។ នេះបណ្តោលមកពីកត្តាតំណរពូជ គួបផ្សំជាមួយនឹងការទទួលទានរបបអាហារប្រចាំថ្ងៃផងដែរ។

ប៉ុន្តែ អ្នកជំនាញបានបង្ហាញថា កុមារ ឬក្មេងវ័យជំទង់មានឱកាសអាចពន្លូតកម្ពស់ឲ្យត្រូវតាមស្តង់ដារបាន ប្រសិនបើពួកគេទទួលបានអាហារដែលសម្បូរប្រូតេអ៊ីន វីតាមីន និងសារធាតុខនិជ ជាប្រចាំ។

តើអាហារអ្វីខ្លះទៅ ដែលកុមារ ឬក្មេងវ័យជំទង់គួរទទួលទានជារៀងរាល់ថ្ងៃ?

ទឹកដោះគោ
ទឹកដោះគោមានផ្ទុកជាតិកាល់ស្យូម ប្រូតេអ៊ីន និងវីតាមីន A ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យឆ្អឹងលូតលាស់បានល្អ។ ដូច្នេះហើយ កុមារគួរតែទទួលទានទឹកដោះគោមួយថ្ងៃ២កែវ។

សាច់មាន់
សាច់មាន់ គឺជាប្រភពនៃប្រូតេអ៊ីនដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយឲ្យឆ្អឹងលូតលាស់បានល្អ។ ជាពិសេស ប្រសិនបើកុមារ ឬក្មេងវ័យជំទង់ឧស្សាហ៍ទទួលទានអាហារប្រភេទនេះ ពួកគេនឹងលូតកម្ពស់ដូចបំណង។



គ្រាប់ធញ្ញជាតិ

អ្វីដែលសំខាន់បំផុតសម្រាប់ទ្រទ្រង់រាងកាយរបស់មនុស្សវ័យជំទង់ គឺជាតិកាឡូរី ដែលមាននៅក្នុងអង្ករ និងស្រូវសាឡី។ គ្រាប់ធញ្ញជាតិទាំងនេះ មានផ្ទុកសារធាតុកាបូហៃដ្រាត ជាតិដែក ជាតិសរសៃ និងវីតាមីន B ដែលអាចជួយជំរុញដល់ការលូតកម្ពស់។

ស៊ុត
ពេលដែលកូនរបស់អ្នកឈានដល់វ័យជំទង ឬដំណាក់កាលកំពុងតែលូតលាស់ ពួកគេគួរតែទទួលទានស៊ុតឲ្យបាន៣គ្រាប់ក្នុងមួយថ្ងៃ ព្រោះប្រូតេអ៊ីន និងវីតាមីន B2 របស់ស៊ុតពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពន្លូតកម្ពស់។

សណ្តែកសៀង
សណ្តែកសៀង គឺជាអាហារមួយប្រភេទដែលសម្បូរទៅដោយប្រូតេអ៊ីនចាំបាច់បំផុតសម្រាប់ការលូតសម្ពស់ ជាពិសេសប្រសិនបើមនុស្សវ័យជំងទង់ទទួលទានមួយថ្ងៃ ៥០ក្រាម។

បន្លែផ្លែឈើ
បន្លែ និងផ្លែឈើ មិនត្រឹមតែជួយឲ្យរាងកាយមានសុខភាពល្អនោះទេ វាថែមទាំងអាចជួយជំរុញដល់ការលូតលាស់នៃឆ្អឹងថែមទៀត ព្រោះវាមានផ្ទុកជាតិសរសៃ វីតាមីន និងសារធាតុខនិជ។ ដូច្នេះហើយ អ្នកគួរតែឲ្យកុមារទទួលបានរបបអាហារបែបនេះ ឲ្យបានច្រើនជាប្រចាំ។

ក្រៅពីការទទួលទានអាហារខាងលើនេះហើយ កុមារ ឬមនុស្សវ័យជំទង់ទាំងឡាយគួរតែព្យាយាមហាត់ប្រាណរាល់ថ្ងៃ ដើម្បីជួយពង្រឹងរាងកាយ និងឆ្អឹងឲ្យកាន់តែមានភាពរឹងមាំ៕

មតិយោបល់