អាមរិកៈ មន្ត្រីក្រុង Biloxi បាននិយាយថា មនុស្ស ០៤នាក់ បានស្លាប់ និង៣៥ នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរថយន្តក្រុង និងរថភ្លើងដឹកទំនិញបានបុកគ្នា កាលពីថ្ងៃអង្គារ នៅក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។
រថយន្ដក្រុងមួយគ្រឿងនេះ អាចដឹកអ្នកដំណើរបានពី៥០ ទៅ៦០ នាក់ បានធ្វើដំណើរពីភាគខាងជើង នៅលើផ្លូវធំមួយ ក៏ស្រាប់តែជាប់គាំង នៅពេលព្យាយាមឆ្លងកាត់ផ្លូវរថភ្លើង នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់មន្ត្រីទីក្រុង។
គ្រោះថ្នាក់នេះ បានកើតទ្បើងនៅម៉ោងប្រហែល ២ និង ១៣ នាទីរសៀល ដោយអ្នកដំណើរ ០៣ នាក់ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀត ស្លាប់នៅកន្លែងកើតហេតុ។
ទូរទស្សន៍ CNN បានរាយការណ៍ថា អ្នកដំណើរ ៣៥ នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកឯអ្នកបើករថភ្លើងវិញ មិនបានទទួលរងរបួស ក្នុងគ្រោះថ្នាក់នោះទេ៕
មតិយោបល់