ស៊ីរី កងកម្លាំងដែលគាំទ្រ ដោយប្រទេសអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី បានដកអាវុធធុនធ្ងន់របស់ពួកគេចេញចម្ងាយ ៨៥ គីឡូម៉ែត្រពីតំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអ៊ែល ប៉ុន្តែអ៊ីស្រាអែល បានអះអាងថា ការថយចេញនេះ គឺនៅមិនទាន់គ្រប់គ្រាន់នោះទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានស្រង់សម្តីលោក Alexander Lavrentiev ប្រេសិតពិសេសរបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន ដែលបានទៅកាន់ប្រទេសស៊ីរី កាលពីថ្ងៃពុធ បាននិយាយថា «អ៊ីរ៉ង់ បានដកកម្លាំងពួកគេចេញរួចរាល់ ហើយចំពោះវត្តមានក្រុមកម្លាំងជីវពល Shia ក៏មិនមាននៅទីនោះទៀតទេ»។
លោក Lavrentiev បាននិយាយថា ទាហានអ៊ីរ៉ង់ម្នាក់ បានបញ្ជាក់ថា ជាទីប្រឹក្សារបស់ពួកគេនៅពេលនេះ អាចស្ថិតនៅក្នុងចំណោមកងកម្លាំងយោធាស៊ីរី ដែលនៅជិតព្រំដែនអ៊ីស្រាអែល។
តែយ៉ាងណាមិញលោក បានកត់សម្គាល់ឃើញថា «មិនមានគ្រឿងបរិក្ខារធុនធ្ងន់ និងអាវុធយោធា ដែលអាចគំរាមកំហែងដល់អ៊ីស្រាអែល នៅចម្ងាយ ៨៥ គីឡូម៉ែត្រ ពីបន្ទាត់ព្រំដែនទៀតនោះទេ»៕
មតិយោបល់