ព័ត៌មានអន្តរជាតិ

នៅចិន កំពុងរងការវាយប្រហារដោយព្យុះព្រិល

ចិនៈ តាមអ្នកអង្កេតការណ៍អាកាសធាតុជាតិ បានឲ្យដឹងថា ខ្យល់ត្រជាក់ នឹងនាំយកព្យុះព្រិលទៅភាគពាយព្យ និងនិរតីប្រទេសចិននៅថ្ងៃសៅរ៍នេះ រួមទាំងថ្ងៃស្អែកផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។

មជ្ឈមណ្ឌលឧតុនិយមចិន (NMC) នៅថ្ងៃសៅរ៍នេះ បានចេញសេចក្ដីប្រកាសភ្លើងខៀវអំពីព្យុះព្រិល ដែលនឹងវាយប្រហារនៅផ្នែកខ្លះនៃខេត្តឈីងហាយ, កានស៊ូ , នីងសៀ និងតំបន់ស្វយ័តទីបេ។

ប្រភពពី NMC បានឲ្យដឹងថា អាកាសធាតុត្រជាក់នេះ នឹងរងផលប៉ះពាល់ដល់ភាគកណ្តាល និងខាងកើតប្រទេសចិនផងដែរ ដោយបាននាំយកព្យុះ និងធ្វើឲ្យសីតុណ្ហភាពនៅតំបន់នោះ ធ្លាក់ចុះរហូតដល់ ៤ ទៅ៥ អង្សាសេ ចាប់ពីថ្ងៃសៅរ៍នេះ ដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ ហើយបើតាមការព្យាករនោះ បានអះអាងថា នឹងមានភ្លៀង និងព្រិលធ្លាក់សម្រាប់តំបន់មួយចំនួន នៅភាគខាងត្បូងនៃទន្លេយ៉ាងសេ នៅយប់ថ្ងៃសៅរ៍នេះ រហូតដល់ថ្ងៃចន្ទ។

គួរបញ្ជាក់ដែរថា ប្រទេសចិនមានសញ្ញាព្រមាន ចំពោះអាកាសធាតុចំនួន ០៤ពណ៌ ដោយក្រហម បញ្ជាក់ពីអាកាសធាតុអាក្រក់ខ្លាំងបំផុត និងតមកតាមក្រោយជាបន្តបន្ទាប់ទៀត គឺទឹកក្រូច, លឿង និងខៀវ៕

មតិយោបល់