អាមេរិកៈ ប្រភពពីមន្រ្តីសេតវិមាន បានឲ្យដឹងថា លោក ដូណាល់ ត្រាំ នឹងអញ្ជើញមេដឹកនាំប៉ាឡេស្ទីនលោក Mahmud Abbas មកកាន់វិមានប្រធាបនាធិបតីនាពេលឆាប់ៗ ខាងមុខនេះ បន្ទាប់ពីជំនួបសន្ទនា តាមទូរស័ព្ទលើកទីមួយរវាងមេដឹកនាំទាំងពីររូប កាលពីថ្ងៃម្សិលមិញ។ នេះបើតាមរយៈសារព័ត៌មានចិនសង្ហបុរី ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។
ទីប្រឹក្សាប្រធានាធិបតីប៉ាឡេស្ទីន បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានអញ្ជើញលោក Abbas ទៅកាន់សេតវិមាន ដើម្បីពិភាក្សារកដំណោះស្រាយ ឆ្ពោះទៅកាន់សន្តិភាពពិតប្រាកដមួយរវាងជនជាតិប៉ាឡេស្ទីន និងអ៊ីស្រាអែល។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យសេតវិមាន លោក Sean Spicer បាននិយាយថា « លោកប្រធានាធិបតី បានជឿជាក់ថា សន្តិភាពនឹងកើតមានទ្បើងចំពោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលពេលវេលាក៏បានមកដល់ផងដែរ ដើម្បីធ្វើការចរចាជាមួយគ្នា»។ លោក ត្រាំ បានបន្ថែមថា «អាមេរិកមិនអាចដាក់ចេញនូវដំណោះស្រាយមួយ ទៅលើអ៊ីស្រាអែល និងប៉ាឡេស្ទីននោះទេ ហើយភាគីទាំងពីរ ក៏មិនអាចបង្ខំចុះកិច្ចព្រមព្រៀង ដើម្បីដាក់សម្ពាធទៅកាន់ភាគីម្ខាងទៀតបានទ្បើយ អាស្រ័យហេតុដូចនេះហើយ ទើបលោក បានអញ្ជើញប្រធានាធិបតីប៉ាឡេស្ទីនលោក Abbas មកជួបពិភាក្សាគ្នា ដើម្បីរកវិធីសាស្ត្រដោះស្រាយ»៕
មតិយោបល់