លីប៊ីៈ អង្គការផ្នែកជំនួយអេស្ប៉ាញ បាននិយាយថា ជនអន្តោរប្រវេសន៍ជាង ២០០ នាក់ ត្រូវបានគេព្រួយបារម្ភថា បានស្លាប់នៅក្នុងករណីលិចទូក នៅឆ្នេរសមុទ្រប្រទេសលីប៊ី។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។
ប្រភពពីអង្គការជួយសង្រ្គោះជនភៀសខ្លួនតាមសមុទ្រ បានឲ្យដឹងថា ពួកគេបានរកឃើញសាកសពអណ្តែតទឹក ចំនួនប្រាំនាក់ នៅក្បែរទូកក្រឡាប់ពីរ ដែលគេសន្និដ្ឋានថា អាចនឹងមានមនុស្សជិះនៅលើវាច្រើនជាង ១០០ នាក់។
លោកស្រី Laura Lanuza ជាសមាជិកក្រុមនៅក្នុងអង្គការនេះ បាននិយាយថា សាកសពដែលបានទាញចេញពី សមុទ្រមេឌីទែរ៉ាណេ គឺសុទ្ធសឹងតែជាបុរសវ័យក្មេង ដែលត្រូវបានអណ្ដែតខ្លួនឡើង បន្ទាប់ពីលង់ទឹកស្លាប់។
លោកស្រី Lanuza បានបញ្ជាក់ទៀតថា បើតាមការប៉ាន់ប្រមាណទៅលើទូកដូចរាល់ដង ដែលត្រូវបានគេប្រើ ដើម្បីដឹកជញ្ជូនជនអន្តោរប្រវេសន៍រត់ពន្ធ លើសទម្ងន់ជាញឹកញាប់ យ៉ាងហោចណាស់មនុស្ស ២៤០ នាក់ បានស្លាប់ នៅក្នុងហេតុការណ៍នេះ៕
មតិយោបល់