ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជាបានធ្វើតេស្តម៉ាស៊ីនមីស៊ីល ដោយសម្ងាត់

កូរ៉េៈ ដូចធ្លាប់បានដឹងហើយថា រដ្ឋាភិបាលកូរ៉េខាងជើង តែងតែស្វែងរកការបង្កើតអាវុធមីស៊ីល ដែលមានសមត្ថភាព អាចវាយប្រហារឈានដល់ដីគោកអាមេរិក ហើយបើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ប្រទេសកុម្មុយនិស្តនេះ ទើបតែបានធ្វើតេស្តម៉ាស៊ីនមីស៊ីលមួយទៀត កាលពីសប្តាហ៍មុន។ សេចក្ដីរាយការណ៍នេះ បានមកដល់ចំពេលដែលក្រុងព្យុងយ៉ាង ត្រៀមរៀបចំធ្វើតេស្តនុយក្លេអ៊ែរលើកទី ០៦របស់ខ្លួន ក្នុងថ្ងៃណាមួយ នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមរយៈ សារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។

ភាពតានតឹងបានបន្តកើនឡើង ខណៈដែលសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានគំរាមកំហែងដល់ប្រទេសកូរ៉េខាងត្បូង និងអាមេរិក ស្របពេលប្រទេសទាំងពីរ កំពុងធ្វើសមយុទ្ធយោធារួមគ្នា ដែលក្រុងព្យុងយ៉ាងជឿជាក់ថា ពួកគេមានគោលបំណង ក្នុងការផ្លាស់ប្ដូរការដឹកនាំរបស់កូរ៉េខាងជើង ជាហេតុនាំឲ្យប្រទេសនេះ បន្តរៀបចំសម្រាប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការបើកដំណើរបាញ់មីស៊ីល នៅឆ្នាំ ២០១៦ កន្លងទៅ។

មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងថា ទទួលបានជោគជ័យ សម្រាប់ការធ្វើតេស្ត លើម៉ាស៊ីនរ៉ុក្កែត កាលពីថ្ងៃទី១៨ ខែមីនា និងបានហៅវាថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត ដែលជាសញ្ញាមួយ បង្ហាញអំពីកំណើតជាថ្មី នៃឧស្សាហកម្មរ៉ុក្កែតរបស់ខ្លួន។

មន្ត្រីយោធាកូរ៉េខាងត្បូង បានឲ្យដឹងថា តាមរយៈការវាយតម្លៃ បានបញ្ជាក់ថា ម៉ាស៊ីននេះ អាចត្រូវបានក្រុងព្យុងយ៉ាងប្រើ ដើម្បីជំរុញសមត្ថភាពមីស៊ីលផ្លោងឆ្លងទ្វីបរបស់ប្រទេសនេះ៕

មតិយោបល់