កូរ៉េៈ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទនេះ បាននិយាយថា បេសកជនកំពូលទទួលបន្ទុកនុយក្លេអ៊ែរ របស់កូរ៉េខាងត្បូង និងជប៉ុន បានធ្វើកិច្ចចរចាជាមួយគ្នា នៅទីក្រុងសេអ៊ូល មុនជំនួបកំពូលរវាងប្រទេសកូរ៉េទាំងពីរនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។
លោក Lee Do-hoon ប្រមុខកិច្ចការសន្ដិសុខ តំណាងឲ្យប្រទេសកូរ៉េខាងត្បូង បានជួបជាមួយសមភាគីជប៉ុន លោក Kenji Kanasugi ដោយបានពន្យល់អំពីផែនការរៀបចំ សម្រាប់ជំនួបកំពូលនាពេលខាងមុខរវាងអន្តរកូរ៉េ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយល់ព្រមជួបប្រជុំគ្នា នាថ្ងៃសុក្រសប្ដាហ៍នេះ នៅឯតំបន់ព្រំដែននៃភូមិប៉ានម៉ុនជុម។
បេសកជនទាំងពីរ បានធ្វើការវាយតម្លៃលើការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងស្ថានភាពនៅលើឧបទ្វីបកូរ៉េនាពេលថ្មីៗនេះ និងបានព្រមព្រៀងគ្នា ដើម្បីខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការធ្វើឲ្យជំនួបអន្តរកូរ៉េ ក៏ដូចជាកិច្ចប្រជុំរវាងកូរ៉េខាងជើង និងអាមេរិកប្រារព្ធឡើងដោយភាពជោគជ័យ៕
មតិយោបល់