ព័ត៌មានអន្តរជាតិ

អាមេរិក ត្រៀមលើកយកវិធីសាស្ត្រ ទប់ទល់នឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទៅកិច្ចប្រជុំអង្គការសហប្រជាជាតិ

UN: ឯកអគ្គរដ្ឋទូតលោកស្រី Nikki Haley បាននិយាយនៅថ្ងៃចន្ទថា លេខាធិអាមេរិក លោក Rex Tillerson នឹងធ្វើជាអធិបតីមួយរូប ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទៅលើបញ្ហាកូរ៉េខាងជើង នៅថ្ងៃទី ២៨ ខែមេសាខាងមុខ ដើម្បីពិភាក្សាពីវិធីសាស្ត្រ ក្នុងការប្រយុទ្ធប្រឆាំង នឹងការហាមឃាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៧។

ប្រទេសកូរ៉េខាងជើង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ UN ក្នុងគោលបំណងរារាំងការអភិវឌ្ឍន៍ កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០០៦ កន្លងមក ដែលបច្ចុប្បន្ន សមាជិកក្រុមប្រឹក្សា UN ១៥ ប្រទេស បានបោះឆ្នោតគាំទ្រ ដើម្បីពង្រឹងការដាក់ទណ្ឌកម្ម លើការសាកល្បងអាវុធនុយក្លេអ៊ែរចំនួនប្រាំដង របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ។

លោកស្រី Haley បានប្រាប់ទៅសន្និសីទកាសែតមួយ ដើម្បីបញ្ជាក់ពីអធិបតីភាពរបស់ក្រុងវ៉ាស៊ីនតោន នៅក្នុងក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែមេសាថា «យើងចាំបាច់ត្រូវតែនិយាយអំពីវា ក្នុងនាមយើងជាសមាជិកក្រុមប្រឹក្សា ដើម្បីធ្វើការដោះស្រាយជាមួយកូរ៉េខាងជើង និងវិធីសាស្ត្ររបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងការហាមឃាត់វានាពេលមុខ។ ដូច្នេះសង្ឃឹមថា យើងនឹងទទួលបានការគាំទ្រពីរដ្ឋមន្រ្តីការបរទេសប្រទេសជាច្រើន ដែលមកចូលរួមក្នុងកិច្ចប្រជុំនេះ ៕

មតិយោបល់