ព័ត៌មានជាតិ

សសៃប្រសាទឈ្លោះជាមួយប្រពន្ធ ដុតផ្ទះសម្លាប់ខ្លួនក្នុងភ្នក់ភ្លើង!

កំពង់ចាម: លោកអធិការរងស្រុកកោះសូទិន បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានកើតឡើងដោយផ្តើមចេញពីបុរសម្នាក់ ឈ្លោះជាមួយប្រពន្ធ ក៏សម្រេចចិត្តដុតផ្ទះ សម្លាប់ខ្លួនក្នុងភ្នក់ភ្លើង ស្លាប់យ៉ាងរន្ធត់ ចំណែកផ្ទះឆេះគ្មានសល់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិមហាសៀកលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បុរសជាប្តី និងជាម្ចាស់ផ្ទះកើតហេតុខាងលើ មានឈ្មោះ ផាន់ អាន អាយុ៥៤ឆ្នាំ ដោយមានប្រពន្ធឈ្មោះ បេន ហ៊ុច អាយុ៥២ឆ្នាំ។

លោកអធិការរងបានបន្តថា ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់ខាងលើនេះ មានទំហំ៦គុណ៨ម៉ែត្រ ធ្វើពីឈើប្រកស័ង្កសីខូចខាតទាំងស្រុង។ ចំណែកមូលហេតុនេះការឆាបឆេះនេះ គឺផ្តើមចេញពីបុរសជាប្តីនិងប្រពន្ធ បានឈ្លោះប្រកែកនិងវាយគ្នាត្រូវចំភ្នែកប្រពន្ធ ឡើងជាំ ហើយប្រពន្ធបានទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាមបាត់ ម្យ៉ាងទៀតប្តីមានជំងឺសសៃប្រសាទ ទើបដុតផ្ទះនិងសម្លាប់ខ្លួនឯងនៅពេលភ្លើងកំពុងឆេះតែម្តង។

ក្រោយពីពន្លត់ភ្លើងឆេះរួច សមត្ថកិច្ច បានឃើញសាកសពឆេះរួញនៅក្រោមផ្ទះទើបដឹងថាជាប្តីរបស់ឈ្មោះ បេន ហ៊ុច ខាងលើ៕

មតិយោបល់