បារាំងៈ រដ្ឋអ៊ីស្លាមបានអះអាងនៅមុនថ្ងៃបោះឆ្នោត ប្រធានាធិបតីបារាំងថា ខ្លួនជាអ្នកបើកវាយប្រហារ ពាក់ព័ន្ធនឹងករណីជនសង្ស័យភេរវករម្នាក់ បាញ់សម្លាប់មន្ត្រីប៉ូលិសម្នាក់ និងពីរនាក់ទៀត រងរបួស កាលពីថ្ងៃព្រហស្បតិ៍ នៅវិថី Champs Elysees ក្នុងទីក្រុងប៉ារីស។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៧។
ប្រភពពីប៉ូលិស បាននិយាយថា អ្នកវាយប្រហារ បានបើកការបាញ់ប្រហារ ជាមួយអាវុធស្វ័យប្រវត្តិមួយ ទៅលើរថយន្តប៉ូលិស នៅឯមហាវិថីដ៏ល្បីឈ្នោះរបស់ពិភពលោក កាលពីវេលាម៉ោង ៩ យប់ ដែលបង្កឲ្យភ្ញៀវទេសចរ និងអ្នកដើរកម្សាន្ត នៅទីនោះភ័យរត់ស្លន់ស្លោ។
បន្ទាប់ពីបាញ់សម្លាប់មន្ត្រីប៉ូលិស និងសហការីពីរនាក់ទៀតរងរបួស ខ្មាន់កាំភ្លើង ត្រូវបានបាញ់សម្លាប់ ដោយប៉ូលិសបាញ់តបតទៅវិញ ខណៈរូបគេព្យាយាមរត់គេចខ្លួន។
សេចក្តីថ្លែងការណ៍ពីភ្នាក់ងារ Amaq បានឲ្យដឹងថា ជនល្មើសវាយប្រហារនៅវិថី Champs Elysees កណ្តាលទីក្រុងប៉ារីស គឺឈ្មោះ Abu Yussef ជាជនជាតិបែលហ្ស៊ិក គាត់ត្រូវបានគេអះអាងថា ជាផ្នែកមួយនៃយុទ្ធជនរដ្ឋអ៊ីស្លាម៕
មតិយោបល់