អាមេរិកៈ ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា អាមេរិកអាចនឹងធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង ពាក់ព័ន្ធនឹងការប្រឈមមុខដាក់លើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់របបមួយនេះ ប៉ុន្តែលោកចង់ធ្វើការដោះស្រាយបញ្ហាជម្លោះនេះ តាមរយៈការទូតវិញ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។
លោក ត្រាំ បានប្រាប់ភ្នាក់ងារ Reuters ក្នុងបទសម្ភាសការិយាល័យ Oval នៅមុនពេលគម្រប់១០០ ថ្ងៃ នៃការទ្បើងកាន់តំណែងរបស់លោក កាលពីថ្ងៃសៅរ៍ថា «ពិតណាស់ថា យើងមានឱកាស អាចបញ្ចប់ជម្លោះដ៏តានតឹងនេះ ជាមួយកូរ៉េខាងជើង»។ ក៏ប៉ុន្តែលោក ត្រាំ បាននិយាយថា ខ្លួនចង់ដោះស្រាយវិបត្តិនេះ ដោយសន្តិវិធី ជាផ្លូវមួយដែលលោក និងរដ្ឋបាលរបស់លោក បានសង្កត់ធ្ងន់ទៅលើការរៀបចំដំណើរផ្លាស់ប្តូរនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយ ចំពោះកូរ៉េខាងជើង ជាជាងការប្រើកម្លាំងយោធា។
លោកបានថ្លែងថា «យើងចង់ដោះស្រាយរឿងនេះ តាមរយៈការទូត ប៉ុន្តែវាគឺជាការលំបាកខ្លាំងណាស់ សម្រាប់យើង»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្រ្តីជាន់ខ្ពស់អាមេរិកជាច្រើន បានអះអាងថា ការប្រើកម្លាំងយោធា កំពុងជាជម្រើសមួយ សម្រាប់ការពិចារណា បើទោះបីធអាមេរិកបានបញ្ជូននាវាពិឃាតផ្ទុកយន្តហោះចម្បាំង USS Carl Vinson និងនាវាមុជទឹក USS Michigan ព្រមទាំងក្រុមកងកម្លាំងវាយប្រហារជើងទឹក ឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ ក្នុងការកំញើញដាក់រដ្ឋាភិបាលក្រុងព្រុងយ៉ាងក៏ដោយ៕

មតិយោបល់