អាស៊ានៈ ក្រុមរដ្ឋមន្រ្តីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រនេះ ដោយបានសម្តែងនូវក្តីបារម្ភយ៉ាងធ្ងន់ធ្ងរលើស្ថានការណ៍ នៅក្នុងប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។
ក្នុងសេចក្តីថ្លែងការណ៍នោះ បានសេរសេរថា «អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធនឹងភាពតានតឹង នៅលើឧបទ្វីបកូរ៉េ ដោយរួមបញ្ចូលទាំងការធ្វើតេស្តនុយក្លេអ៊ែរចំនួនពីរលើក នៅក្នុងឆ្នាំ ២០១៦ និងការបាញ់មីស៊ីលផ្លោងជាបន្តបន្ទាប់របស់កូរ៉េខាងជើង»។
លើសពីនេះទៅទៀត អាស៊ានបានអះអាងថា បញ្ហាអស្ថេរភាពនៅឧបទ្វីបកូរ៉េ នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ និងបណ្ដាលប្រទេសជិតខាងផងដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេស បានប្រាប់ទៅប្រទេសដែលជាសម្ព័ន្ធមិត្ត នៃរបបព្យុងយ៉ាងឲ្យជួយជំរុញប្រទេសនេះ ព្រមគោរពតាមកាតព្វកិច្ចរបស់ខ្លួន លើដំណោះស្រាយនៃសេចក្ដី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងច្បាប់អន្ដរជាតិ ដើម្បីការរក្សាសន្តិភាព និងសន្តិសុខពិភពលោក។
សេចក្តីថ្លែងការណ៍នេះ ក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ប្រកាន់នូវភាពអត់ធ្មត់ ក្នុងគោលបំណង ដើម្បីបន្ថយភាពតានតឹង និងទប់ស្កាត់សកម្មភាព ឬពាក្យសម្ដីណាមួយ ដែលអាចធ្វើឲ្យបង្កហេតុបាន»៕
មតិយោបល់