កូរ៉េៈ តាមរយៈរបាយការណ៍ នៅថ្ងៃពុធបានបង្ហាញថា កូរ៉េខាងជើង បានសាងសង់កោះចំនួនបី នៅឯសមុទ្រលឿង ក្នុងគោលបំណងដើម្បីបង្កើតមូលដ្ឋានយោធាខ្លួន សម្រាប់បើកដំណើរការបាញ់មីស៊ីល។ ដកស្រង់ប្រភពពីសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។
កាសែត Los Angeles Times ទទួលរូបភាពពីផ្កាយរណប បានបង្ហាញថា ចាប់តាំងពីឆ្នាំ ២០១២ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានកោះចំនួនបី ត្រូវបានសាងសង់ជាមួយនឹងរាងចតុកោណជាច្រើន ដោយមានផ្លូវក្រាលថ្ម រួមទាំងសញ្ញាសម្គាល់ផ្សេងទៀតនៃការដំឡើងយោធារបស់ក្រុងព្យុងយ៉ាង។
លោក Ryan Barenklau ស្ថាបនិក នៃក្រុមហ៊ុនវិភាគរូបភាពភូមិសាស្ត្រ Strategic Sentinel បាននិយាយថា «យើងមិនអាចធ្វើសេចក្តីថ្លែងការណ៍ឲ្យបានច្បាស់លាស់ ជុំវិញការសាងសង់កោះទាំងនោះ ដែលត្រូវបានពួកគេប្រើ សម្រាប់អ្វីនោះទេ»។ ប៉ុន្តែលោកបានប្រាប់ថា កងកម្លាំងយោធាទំនងជាត្រូវបានប្រើប្រាស់ ដោយលោកបានបញ្ជាក់ថា ផ្លូវនៅលើកោះទាំងនោះ មានផ្លូវទៅមកធំទូលាយ ដែលពួកគេអាចនឹងប្រើ សម្រាប់រថយន្តយោធាជាច្រើនឆ្លងកាត់»៕
មតិយោបល់