ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ហោះឆ្វាចពីលើផ្ទៃទឹក នៅមហាសមុទ្រប៉ាស៊ីហ្វិក

រុស្ស៊ីៈ ក្រសួងការពារជាតិនៃទីក្រុងម៉ូស្គូ នៅថ្ងៃសុក្រនេះ បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក ដែលជាយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយរបស់ប្រទេសរុស្ស៊ី បានហោះឆ្វាចលើផ្ទៃទឹក នៃមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។

ប្រភពដដែល បានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក Tu-95MS ដែលអមដោយយន្តហោះចម្បាំង Su-35S បានអនុវត្តការហោះហើរ ដោយបានកំណត់ទីតាំងនៅមហាសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅតាមបណ្តោយកោះ Aleutian នៃប្រទេសរុស្ស៊ី។

ការហោះហើរនេះ ត្រូវបានក្រសួងបញ្ជាក់ថា គឺបានអនុលោមតាមច្បាប់អន្ដរជាតិ ក្នុងការប្រើប្រាស់ផ្លូវអាកាស នៅលើផ្ទៃទឹកប្រកបដោយអព្យាក្រឹត ពុំមានការរំលោភលើព្រំដែននៃរដ្ឋណាមួយនោះទេ។

គួរបញ្ជាក់ដែរថា ម៉ាស៊ីនរបស់យន្តហោះ Tu-95MS អាចធ្វើឲ្យយន្តហោះដ៏ទំនើបនេះ ហោះបានក្នុងល្បឿន ៥១៦ម៉ៃល៍ក្នុងមួយម៉ោង ដោយមីស៊ីលហោះក្នុងល្បឿន ៣៤២ម៉ៃល៍ក្នុងមួយម៉ោង ហើយហោះបានចម្ងាយ៦៥២៤ ម៉ៃល៍ តែអាចពន្យារបានដល់ ៨៧៦១ម៉ៃល៍ បើគ្រាន់តែចាក់សាំងលើអាកាសតែម្ដងប៉ុណ្ណោះ ហើយវាត្រូវបានគេរំពឹងទុកថា នឹងចូលបម្រើក្នុងជួរកងទ័ពរហូតដល់ឆ្នាំ២០៤០ទើបចប់៕

មតិយោបល់