កាលពីឆ្នាំ ២០១៥ គ្រាដែលប្រព័ន្ធប្រតិបត្តិការ Windows 10 ចាប់កំណើតឡើងដំបូង ក្រុមហ៊ុន Microsoft ក្រោមការដឹកនាំរបស់លោក Satya Nadella បានប្រកាសពីមហិច្ឆិតា កំណត់គោលដៅអ្នកដំឡើងប្រើឱ្យបានចំនួន ១០០០ លាននាក់ មុនបំណាច់ឆ្នាំសារពើព័ន្ធ ២០១៨ របស់ខ្លួន។
លុះមកទល់ពេលនេះ Microsoft Windows 10 មានអ្នកចុះឈ្មោះប្រើសកម្មប្រចាំខែលើឧបករណ៍ផ្សេងៗដល់ ៥០០ លាននាក់ហើយ ហើយតួលេខនេះ គឺកើនពី ៤០០ លាននាក់ កាលពីក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពក្នុងខែសីហា ឆ្នាំ ២០១៦។
ដើម្បីឈានទៅដល់គោលដៅឱ្យមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននេះ ក្រុមហ៊ុនផលិត Software យក្សរបស់អាមេរិក កំពុងព្យាយាមបញ្ចុះបញ្ចូលក្រុមអ្នកអភិវឌ្ឍកម្មវិធី Android និង iOS ថា ពេលនេះ Windows 10 មានអតិថិជនប្រើប្រាស់ ឈានដល់កម្រិតមួយសមល្មមអាចផ្តល់តម្លៃគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការផលិតចេញនូវកម្មវិធីផ្សេងៗហើយ។
ក្រុមហ៊ុន Microsoft និយាយថា Windows 10 ទទួលបានការចាប់អារម្មណ៍ប្រើប្រាស់ខ្ពស់ជាងគេបំផុតមិនធ្លាប់មាន ក្នុងចំណោមជំនាន់ប្រតិបត្តិការ Windows នានា ដោយសារតែវាបើកឱ្យអ្នកប្រើប្រាស់ Windows 7 និង 8 អាចកែឡើងដោយសេរីក្នុងឆ្នាំដែលវាដាក់ចេញដំបូង។
គួរបញ្ជាក់ថា Microsoft ទើបប្រកាសចេញកុំព្យូទ័រយួរដៃត្រកូល Surfaceដំបូងបង្អស់ ដោយដើរលើប្រព័ន្ធ Windows 10 S ថ្មី ដែលវាត្រូវបានអភិវឌ្ឍឡើងសម្រាប់កុំព្យួទ័រកម្រិតទាបអាចដំណើរការបានយ៉ាងរលូន ហើយនេះត្រូវគេជឿថា ជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការឈានទៅសម្រេចគោលដៅអ្នកប្រើប្រាស់ដល់ ១ ពាន់លាន៕
ប្រភពព័ត៌មានៈ businessinsider
មតិយោបល់