ព័ត៌មានអន្តរជាតិ

ប្រធានស៊ើបការណ៍សម្ងាត់អាមេរិក ព្រមានអំពីស្ថានភាពដុនដាបនៃសន្តិសុខ នៅអាហ្វហ្គានីស្ថាន

អាមេរិកៈ ប្រធានស៊ើបអង្កេតជាតិ លោក Dan Coats នៅថ្ងៃព្រហស្បតិ៍ បានព្រមានថា ស្ថានភាពសន្តិសុខនៅអាហ្វហ្គានីស្ថាន ទំនងជាកាន់តែយ៉ាប់យ៉ឺនខ្លាំងទ្បើងនាពេលអនាគត បើទោះបីជាអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ផ្តល់នូវជំនួយយោធាបន្ថែមទៀតក៏ដោយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅឯសវនាការព្រឹទ្ធសភាអាមេរិក អំពីការគំរាមគំហែងសន្ដិសុខនៅទូទាំងពិភពលោក លោក Coats បាននិយាយថា «សហគមន៍ស៊ើបការណ៍ បានធ្វើការវាយតម្លៃថា ស្ថានភាពនយោបាយ និងសន្តិសុខនៅអាហ្វហ្គានីស្ថាន ស្ទើរតែប្រាកដណាស់ថា អាចនឹងកាន់តែយ៉ាប់យ៉ឺន រហូតដល់ឆ្នាំ ២០១៨ បើទោះបីមានការកើនឡើងនូវជំនួយយោធា ដោយអាមេរិក និងដៃគូរបស់ខ្លួនក៏ពិតមែន»។

ក្នុងនោះលោក Coats បានបន្តថា ពួកសកម្មប្រយុទ្ធតាលី ទំនងជានៅតែបន្តកើនឡើង ជាពិសេសនៅតាមតំបន់ ជនបទ ខណៈដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ត្រូវបានរងការបំផ្លាញពីស្ថានភាពសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេស។

លើសពីនេះទៀត លោកបានបន្ថែមថា «អាហ្គានីស្ថាន ត្រូវការតស៊ូដើម្បីទប់ស្កាត់បញ្ហារបស់ខ្លួននេះ ដោយពឹងផ្អែកលើការគាំទ្រពីខាងក្រៅ រហូតដល់អាចគ្រប់គ្រងការបះបោរ ឬឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ ជាមួយពួកតាលីបង់ ។

ស្របពេលដែលកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បាននឹងកំពុងប្រយុទ្ធប្រឆាំងជាមួយពួកតាលីបង់ លោក Coats បានឲ្យដឹងថា សកម្មភាពរបស់ពួកគេ នៅពេលនេះ ប្រហែលជានឹងកាន់តែអាក្រក់ខ្លាំងទ្បើង ដោយសារប្រតិបត្តិការ បោសសម្អាតពួកតាលី បានបណ្ដាលឲ្យមានការស្លាប់ របួស ភាពក្រីក្រ អសន្តិសុខ និងបញ្ហាជាច្រើនផ្សេងទៀត៕

មតិយោបល់