ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់សភាអាមេរិក រឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងប្រទេសខ្លួន

កូរ៉េ: រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃសុក្រនេះ បានធ្វើការរិះគន់សភាអាមេរិក សម្រាប់ការអនុម័តច្បាប់ថ្មីមួយ ដើម្បីរឹតបន្តឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសខ្លួន។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។

ទីភ្នាក់ងារព៌ត៌មានផ្លូវការកូរ៉េ បានឲ្យដឹងថា គណ:កម្មាការកិច្ចការបរទេស នៃសភាប្រជាជនកំពូលរបស់កូរ៉េខាងជើង បានផ្ញើលិខិតចំហមួយច្បាប់ ដើម្បីតវ៉ាទៅតំណាងសភាអាមេរិក ដោយបានធ្វើការថ្កោលទោស និងបដិសេធយ៉ាងដាច់អហិង្ការ ចំពោះច្បាប់រឹតបន្តឹងទណ្ឌកម្មរបស់អាមេរិកលើកូរ៉េខាងជើង ដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុន។

នៅក្នុងលិខិតនោះ បានបញ្ជាក់ឲ្យដឹងថា ការអនុម័តច្បាប់ខាងលើនេះ ជាទង្វើសាហាវយង់ឃ្នងបំផុត ដែលប្រឆាំងនឹងមនុស្សជាតិ មិនត្រឹមតែរំលោភលើអធិបតេយ្យភាពរបស់កូរ៉េខាងជើងនោះទេ ប៉ុន្តែថែមទាំងបំពានលើគោលការណ៍សកល នៃអធិបតេយ្យភាព ដែលរួមមាន សមភាព និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ទៀតផង។

ប្រភពដដែល បានឲ្យដឹងទៀតថា ច្បាប់នេះ គឺជាបង្ហាញឲ្យឃើញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងប្រើប្រាស់ច្បាប់អនុម័តក្នុងប្រទេសខ្លួន ដើម្បីមកជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត និងនាំយកមកនូវការដាក់សម្ពាធទៅលើបណ្ដាប្រទេសនានា»៕

មតិយោបល់