រុស្ស៊ីៈ ប្រធានាធិបតីលោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីទើបជាប់ឆ្នោតកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃសុក្រ បានពិភាក្សាគ្នាដោយសង្កត់ធ្ងន់អំពីនយោបាយ និងដំណោះស្រាយការទូត ដើម្បីបន្ថយភាពតានតឹង នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៧។
វិមានក្រឹមឡាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការផ្លាស់ប្តូរទស្សនស្តីពីស្ថានភាពនៅឧបទ្វីបកូរ៉េ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការស្វែងរកវិធីដោះស្រាយវិបត្តិនយោបាយ និងការទូត»។
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោកពូទីន បានអបអរសាទរចំពោះលោក មូន ដែលទទួលបានជ័យជម្នះ សម្រាប់ការបោះឆ្នោត ក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ហើយមេដឹកនាំទាំងពីរ ថែមទាំងបានពិភាក្សាគ្នា អំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាសកលផងដែរ ដោយអ្នកទាំងពីរ បានព្រមព្រៀងគ្នាលើការពង្រឹងចំណងមិត្តភាពជាមួយគ្នាបន្ថែមទៀត។
គួរបញ្ជាក់ដែលថា លោក មូន បានឈ្នះការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងយ៉ាងភ្លូកទឹកភ្លូកដី កាលពីថ្ងៃអង្គារ និងបានស្បថចូលកាន់តំណែងកាលពីថ្ងៃពុធ នៅក្នុងសប្ដាហ៍នេះផងដែរ៕
មតិយោបល់