សិង្ហបុរី: អ្នកគ្រប់គ្រងនៅព្រលានយន្តហោះ បាននិយាយថា ជើងហោះហើរប្រមាណជា ៤០ នៅឯព្រលានយន្តហោះ Changi ត្រូវបានរងផលប៉ះពាល់ កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីហេតុការណ៍ភ្លើងឆេះ នៅជិតបញ្ជរចុះឈ្មោះ Terminal 2 ដែលបណ្ដាលឲ្យជើងហោះហើរ ត្រូវបានបិទដំណើរការ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយ កាលពីល្ងាចថ្ងៃអង្គារ អ្នកគ្រប់គ្រងព្រលានយន្តហោះ បាននិយាយថា «ខ្លួននឹងធ្វើឲ្យប្រសើរទ្បើងវិញ ជាមួយការបំពេញការងារពេញមួយយប់ ដើម្បីដោះស្រាយបញ្ហាជុំវិញការពន្យាពេល ជើងហោះហើរនៅពេលនេះ»។
ប្រភពដដែល បានបន្ថែមទៀតថា ខាងព្រលានយន្តហោះ នឹងធ្វើការជាមួយអាជ្ញាធរ ដើម្បីស៊ើបអង្កេតអំពីឧបទ្ទវហេតុ មួយនេះ។
គួរបញ្ជាក់ដែរថា ករណីភ្លើងឆេះនៅព្រលានយន្តហោះនេះ បានកើតទ្បើងនៅវេលាម៉ោងប្រហែល ៥ និង៤០ នាទីល្ងាច ដោយអគ្គិភ័យនេះ បានធ្វើឲ្យផ្សែងហុយឆ្លងចូលតាមរយ:កង្ហារ ដែលវាបានចាប់ផ្ដើមឆេះនៅឃ្លាំងមួយ៕
មតិយោបល់