ព័ត៌មានជាតិ

តំណាងអយ្យការកំពុងពិនិត្យភាពមិនស្របច្បាប់ ខណៈម្ចាស់សហគ្រាស មួយថា គាត់រកស៊ីស្របច្បាប់

ភ្នំពេញ: កាលពីពេលថ្មីៗនេះ គេបានសង្កេតឃើញថា មានការបង្ហោះ សារជាអក្សរ (ដោយភ្ជាប់វីដេអូ) រិះគន់ចំណាត់ការរបស់សមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច និងព្រះរាជអាជ្ញារងមួយរូបនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីសំណាក់គណនីហ្វេសប៊ុកឈ្មោះ Riel Punlok ម្ចាស់សហគ្រាសផលិតទឹកក្រូច ស្មាយ មានទីតាំងនៅភូមិព្រៃរឹង សង្កាត់ស្នោរ ខណ្ឌធិ៍សែនជ័យ ដោយបានលើកឡើង ការចុះទៅពិនិត្យ និងបិទទ្វាសហគ្រាសរបស់លោក របស់អាជ្ញាធរមានសមត្ថកិច្ចនោះ គឺការព្យាយាមស្វែងរកកំហុករបស់សហគ្រាសលោក និងជាន់ពន្លិចឲ្យងាប់តែម្តង។

គណនី ហ្វេសប៊ុកឈ្មោះ Riel Punlok បានបង្ហោះសារយ៉ាងដូច្នេះថា «ខ្ញុំមិនយល់ថាពួកគេត្រូវការអីទេ? មិនដឹងថាបើកអាជីវកម្មមួយត្រូវមានច្បាប់ប៉ុន្មាន?ស្អីខ្លះ?ទើបគ្រប់ទេ គេព្យាយាមរកកន្លែងខុសឲ្យទាល់តែបាន ចូលមកដល់ធ្វើដូចខ្ញុំជាឧក្រិតជន មិនទាន់ទាំងដឹងអីផងសម្លុតយើងតែម្តង ចំណែកពួកក្រុមសារព័ត៌មានវិញ ៦ក្រុមនៅជុំក្បាលគ្នាចរចាចុះឡើងតែពីរឿងលុយ ឆ្លេឆ្លាចុះឡើងជាមួយគ្រួសារខ្ញុំ តែពីរឿងលុយម្យ៉ាងគត់ ពួកវាគ្មានឧតម្តគតិជាអ្នកបើកបង្ហាញការពិតអីបន្តិចសោះ ចរចាមិនត្រូវ ឥឡូវវាចុះផ្សាយឲ្យពាស ដែលមិនមែនការពិតផង។ ប័ណ្ណប៉ាតង់គ្រាន់តែគេមិនទាន់យកមកដល់សោះ ព្រះរាជអាជ្ញារង ឡូឡាពេញនឹងថាខ្ញុំអត់មានប៉ាតង់! ។ សម្តេចនាយក ពិនិត្យមើលសកម្មភាពនេះ តើវាប៉ះពាល់ប៉ុណ្ណាចំពោះសេដ្ឋកិច្ចជាតិ។ ខ្ញុំបានព្យាយាមបង្កើតវាឡើងឲ្យបានត្រឹមត្រូវបំផុតហើយ៖ ពន្ធប្រចាំខែ ប្រចាំឆ្នាំ ប៉ាតង់ ប្រាក់ខែបុគ្គលិក អាហារ កន្លែងស្នាក់នៅ បុគ្គលិក វិន័យផ្សេងៗ នៅកន្លែងខ្ញុំសូម្បីតែបុគ្គលិកជក់បារីឬផឹកស្រាក៏មិនអនុញ្ញាតផង។ តើសកម្មភាពនឹងមិនគិតដល់មនុស្សឬយ៉ាងមេច? ម្យ៉ាងវិញទៀត រឿងនេះគ្មានដើមបណ្តឹងណាម្នាក់ដែលប្តឹងខ្ញុំលើបញ្ហាណាមួយសោះ ស្រាប់តែមានដីកាចុះឆែកឆែរតែម្តង ហូសចិត្ត ។ ឯណាគោលនយោបាយលើកតម្កើងអាជីវកម្មធនតូចក្នុងស្រុកដែលសម្តេចនាយកបានប្រកាស? សកម្មភាពនេះគេហៅជាន់ពន្លិច ឲ្យងាប់តែម្តង។ មកទាល់ពេលនេះ៣ថ្ងៃ ហើយដែលគេមិនឲ្យយើងដំណើរការ រង់ចាំការពិសោធន៍របស់គេ។ បន្ទុកចំណាយកម្មករដែលនៅក្នុងសិប្បកម្មរង់ចាំចម្លើយពីព្រះរាជអាជ្ញា ដែលថានឹងកោះហៅខ្ញុំទៅបញ្ចប់រឿង គឺជាបន្ទុករបស់ខ្ញុំ ខ្ញុំមិនដាច់ចិត្តឲ្យពួកគាត់ទៅស្រុកកំណើតវិញទេ ព្រោះអ្នកខ្លះត្រូវចំណាយលុយច្រើន។ ពេលរកចុះឡើងគេថា ខ្ញុំគ្មានច្បាប់ផលិតពីក្រសួងឧស្សាហកម្ម ខ្ញុំសួរទៅច្បាប់នឹងប្រហែលជា៧០០ដុល្លារសោះ ចុះបើអត់ច្បាប់នឹងឲ្យខ្ញុំទៅធ្វើទៅ ម៉េចបានចាំបាច់ទៅតុលាការ? តើអ្នកចង់កែរតម្រូវអាជីវកម្មរបស់ខ្ញុំ ឬចង់បិទនិយាយឲ្យច្បាស់ម៉ាម៉ាត់មក ខ្ញុំធ្វើតាមភ្លាម !!! ព្រោះសម្ថភាពខ្ញុំ គ្មានឱកាស តតាំង វែកញែក រកខុសត្រូវជាមួយអ្នកបានទេ!»

ឆ្លើយតបទៅនឹងការលើកឡើងបែបនេះលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានដឹកនាំ និងសម្របសម្រួលក្នុងប្រតិបត្តិការ ចុះបង្ក្រាបទីតាំងសហគ្រាសខាងលើនេះ បានបញ្ជាក់តាម Telegram ថា «យើងកំពុងកសាងសំណុំរឿងហើយនឹងឈានទៅសម្រេចតាមច្បាប់យ៉ាងត្រឹមត្រូវទៅតាមកំហុសដែលបានរកឃើញរបស់ម្ចាស់សហគ្រាស ដើម្បីជាការអនុវត្តច្បាប់រួមទាំងការពារសុខភាពអ្នកប្រើប្រាស់ និងជៀសវាងនូវការភ័ន្តច្រឡំអំពីចំណាត់ការតាមច្បាប់ពីសាធារណជន។»

លោក រៀល ពន្លក ម្ចាស់សហគ្រាស ផលិតទឹកក្រូច ស្មាយ បានថ្លែងបញ្ជាក់តាមទូរសព្ទថា សមត្ថកិច្ចបានចុះទៅពិនិត្យ និងបិទទ្វាសហគ្រាសលោក ដោយសង្ស័យថា ផលិតទឹកក្រូចដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ។ ក្រោយមកសមត្ថកិច្ចតម្រូវឲ្យលោកចូលខ្លួនបំភ្លឺនៅចំពោះមុខនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ប៉ុន្តែនគរបាលបាននិយាយថា ត្រូវរង់ចាំចំណាត់ការរបស់ព្រះរាជអាជ្ញា បន្តទៀត។

លោកបន្ថែមថា សហគ្រាសនេះលោកបាន ទិញតពីគេកាលពីខែកុម្ភ: ឆ្នាំ២០១៥ ហើយលោកបានដាក់ពាក្យសុំអាជ្ញាប័ណ្ណនៅក្រសួងពាណិជ្ជកម្ម និងបង់ពន្ធជូនរដ្ឋត្រឹមត្រូវ និងមានការបង់ពន្ធជូនរដ្ឋ ប៉ុន្តែលោកមិនទាន់បានសុំលិខិតអនុញ្ញាតពីក្រសួង ឧស្សាហ៍កម្ម និងសិប្បកម្ម។

បច្ចុប្បន្ន សហគ្រាសត្រូវបានសមត្ថកិច្ច និងព្រះរាជអាជ្ញារង បញ្ជាឲ្យបិទទ្វា ជាបណ្ដោះអាសន្ន ខណ:កម្មករប្រមាណជាជិត ២០នាក់ស្ថិតក្នុងការរ៉ាប់រងលើការចំណាយរបស់លោកទាំងស្រុង។

លោក ថា បើច្បាប់តម្រូវឲ្យបិទទ្វា ក៏បិទទៅព្រោះលោក គិតថា រកស៊ីនេះស្របច្បាប់ និងបានជួយកូនខ្មែរខ្លះដែរ បើគេឲ្យបិទ លោកមានតែបិទ និងប្រាប់កម្មករឲ្យទៅស្រុកវិញ៕

//youtu.be/cbjrasTNRQY

មតិយោបល់