ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា បុរសស្រវឹងម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ក៏ជ្រុលមកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៧ នៅចំណុចខាងកើត ស្តុបណានជីង តាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក ម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L 9773 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចបន្តិច ហើយចំណែករថយន្តវិញក្រឡាប់ផ្ងារជើងតែម្តង រីឯម្ចាស់រថយន្តសន្លប់ស្ដូកមួយសន្ទុះ ទើបដឹងខ្លួនវិញ ក៏លូនចេញពីរថយន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ ដោយបានសហការជាមួយជំនាញចរាចរណ៍ជើងគោក ចុះមកធ្វើការវាស់វែងយករថយន្ត និងម្ចាស់ទៅការិយាល័យចរាចរណ៍រងចាំដោះស្រាយតាមច្បាប់ ៕
ព័ត៌មានអន្តរជាតិ
មតិយោបល់