ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្តេជ្ញាពង្រឹងសមត្ថភាព វាយប្រហារអាវុធនុយក្លេអ៊ែររបស់ខ្លួន

កូរ៉េៈ ឯកអគ្គរដ្ឋទូតរងក្រុងព្យុងយ៉ាង ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសរបស់លោក នឹងពង្រឹងសមត្ថភាព រួមទាំងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ បើទោះជាមានការដាក់ទណ្ឌកម្ម ដ៏តឹងរឹងពីអន្តរជាតិយ៉ាងណាក៏ដោយ។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។

នៅឯអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើង លោក Kim In Ryong បានឲ្យដឹងថា ក្រុងព្យុងយ៉ាង នឹងមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ ដែលត្រូវបានប្រើទុកសម្រាប់កំញើញ និងការពារខ្លួនទ្បើយ ហើយថែមទាំងពង្រឹងសមត្ថភាពវាយប្រហារវាទៀតផង បើទោះបីជាអាមេរិកបង្កើនការដាក់ទណ្ឌកម្ម និងសម្ពាធលើប្រទេសខ្លួនក៏ដោយ»។

សូមជំរាបថា ប្រទេសកូរ៉េខាងជើង ទើបតែបានធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយមួយ កាលពីសប្តាហ៍មុន ដែលអ្នកជំនាញនិយាយថា គឺជាសញ្ញាបង្ហាញពីអនុភាពនៃកាំជ្រួចមីស៊ីល ដែលបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ របស់ប្រទេសនេះ នឹងមានសមត្ថភាពអាចវាយប្រហារដល់ទឹកដីអាមេរិក។

ការធ្វើតេស្តនេះ បានបង្កឲ្យមានការជំរុញថ្មីពីសំណាក់សហរដ្ឋអាមេរិក ទៅកាន់អង្គការសហប្រជាជាតិ ដើម្បីធ្វើការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងជើង៕

មតិយោបល់