រុស្ស៊ីៈ រដ្ឋាភិបាលវិមានក្រឹមឡាំង កំពុងតែថ្កោលទោសការអះអាងរបស់ក្រុមស៊ើបការសម្ងាត់អាមេរិកថា គ្មានមូលដ្ឋាន និងគ្មានជំនាញច្បាស់លាស់ ចំពោះការចោទប្រកាន់រុស្ស៊ីថា បានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដើម្បីជួយលោក ដូណាល់ ត្រាំ ក្លាយជាម្ចាស់សេតវិមាន។
នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៧។
មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី គឺមានបំណងកាត់បន្ថយឱកាសទទួលបានជ័យជម្នះរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ខាងគណបក្សប្រជាធិបតេយ្យ ដោយជួយឲ្យលោក ត្រាំ ខាងគណបក្សសាធារណរដ្ឋឲ្យទទួលជ័យជម្នះជំនួសវិញ។
អ្នកនាំពាក្យរបស់រុស្ស៊ី លោក Dmitry Peskov បាននិយាយកាលពីថ្ងៃច័ន្ទថា «ការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ គ្មានភស្តុតាង និងធ្វើឡើង ដោយគ្មានជំនាញច្បាស់លាស់ ដែលមិនមែនជាការងារវិជ្ជាជីវៈរបស់ទីភ្នាក់ងារសន្តិសុខលំដាប់ពិភពលោកពិតប្រាកដនោះទេ»។ លោកបានបន្ថែមទៀតថា អាមេរិកប្រៀបដូចក្មេងបៀមដៃ ដើរតែចោទប្រកាន់អ្នកដ៏ទៃ។
ការអត្ថាធិប្បាយរបស់លោក គឺជាការឆ្លើយតបដំបូងបង្អស់របស់រដ្ឋាភិបាលក្រុងក្រឹមឡាំង ចាប់តាំងពីសហគមន៍ស៊ើបការសម្ងាត់អាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនមានជំនឿខ្ពស់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាយុទ្ធនាការមួយដោយខ្លួនឯង ដើម្បីបន្ថយតម្លៃរបស់ដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ជាលក្ខណៈប្រជាធិបតេយ្យ នៅក្នុងសហរដ្ឋអាមេរិក។
សូមជំរាបថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ត្រាំ នឹងចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ៕
មតិយោបល់