ភ្នំពេញៈ បុរសម្នាក់ បើករថយន្ដម៉ាកធុនត្រា មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ បានបើកទៅកៀរម៉ូតូមួយគ្រឿងម៉ាកធូដេ នៅម្ដុំស្ថានទូតវៀតណាម បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល រួចរថយន្តព្យាយាមបើករត់គេច ក៏បន្តទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតរបាំងថ្មអស់ចំនួន៥កង់ និងរថយន្ដខូតខាតយ៉ាងដំណំ បើកទៅមុខលែងរួច។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២និង១៧នាទី យប់ឈានចូលថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសម្ដីជនរងគ្រោះដែលជាម្ចាសម៉ូតូម៉ាកធូដេ បានឲ្យPost Newsដឹងថា មុនពេលកើតហេតុ បុរសដែលជាជនបង្កខាងលើ បានបើករថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាកធុនត្រា ពាក់ស្លាកលេខ ខេមរភូមិន្ទ ០២ ២-៨១៦៨ បើកក្នុងទិសដៅពីត្បូងទៅជើង រួចព្យាយាមបត់រថយន្ដ ក៏ជ្រុលទៅបុកកៀរនិងម៉ូតូមួយគ្រឿងម៉ាកធូដេ ដែលជិះក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា រួចរថយន្តបង្កបានព្យាយាមបើករត់គេច មិនទាន់បានប៉ុន្មានផង ក៏ជិះទៅបុកនឹងក្បាលព្រួញចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដបើកទៅមុខលែងរួច។ រីឯរបាំងថ្មចែកទ្រូងផ្លូវរងកាខូចខាតអស់ចំនួន៤កង់ តែមិនបណ្ដាលឲ្យរងរបួសធ្ងន់ដល់មនុស្សទេ។
ក្រោយពេលកើតហេតុ ជនបង្កបានសងសំណងទៅជនរងគ្រោះដែលជាម្ចាស់ម៉ូតូធូដេ រីរថយន្ដរបស់ជនបង្ក ត្រូវបានសមត្ថកិច្ចផ្នែកចរាចរណ៍ វាស់វែងយកទៅរក្សាទុកដើម្បីធ្វើកាដោះស្រាយតាមនីតិវិធីផ្លូវច្បាប់៕











មតិយោបល់