ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី បណ្ដេញបុគ្គលិកការទូតអាមេរិកចំនួន ៧៥៥ នាក់

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា បុគ្គលិកការទូតអាមេរិក ចំនួន ៧៥៥នាក់ ត្រូវតែចាកចេញពីបេសកកម្មខ្លួន ដែលវាជាការសងសឹក ចំពោះការដាក់ទណ្ឌកម្មថ្មីរបស់ក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងម៉ូស្គូ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។

ការសម្រេចចិត្តក្នុងការបណ្ដេញបុគ្គលិកនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ ប៉ុន្តែលោក ពូទីន នឹងបញ្ជាក់ពីចំនួនអ្នក ដែលត្រូវតែធ្វើការចាកចេញនៅថ្ងៃទី០១ ខែកញ្ញាខាងមុខ។

សូមជំរាបថា នេះជាការបណ្តេញចេញដ៏ធំបំផុត នៃអ្នកការទូតមកពីប្រទេសណាមួយ នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់រុស្ស៊ី។

តួលេខនៃបុគ្គលិកចាកចេញទាំងនោះ រួមមានបុគ្គលិករុស្ស៊ី ដែលមានបេសកកម្មបម្រើការទូតរបស់សហរដ្ឋអាមេរិក នៅទូទាំងប្រទេសរុស្ស៊ីផងដែរ។

គួរបញ្ជាក់ដែរថា លោក ពូទីន បានប្រាប់ទូរទស្សន៍រុស្ស៊ីថា «បុគ្គលិកជាង ១.០០០នាក់ កំពុងធ្វើការ និងនៅតែបន្តធ្វើការរបស់ពួកគេ នៅស្ថានទូត និងស្ថានកុងស៊ុលសហរដ្ឋអាមេរិក ហើយក្នុងនោះ បុគ្គលិកចំនួន ៧៥៥ នាក់ នឹងត្រូវបញ្ឈប់សកម្មភាពរបស់ពួកគេ នៅក្នុងប្រទេសរុស្ស៊ី៕

មតិយោបល់