ព័ត៌មានអន្តរជាតិ

អាមេរិកបើកការវាយប្រហារដែនអាកាសនៅស៊ីរី ផ្ដាច់ជីវិតជនស៊ីវិល ៣៥ នាក់

ស៊ីរី: យ៉ាងហោចណាស់មនុស្ស ៣៥នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារតាមអាកាស ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅតំបន់ភាគខាងកើតប្រទេសស៊ីរី។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។

អ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ទីតាំងវាយប្រហារផ្លូវអាកាស ត្រូវបានកំណត់គោលដៅ នៅតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ិស្លាម (IS) ក្នុងទីក្រុង Mayadeen របស់ខេត្ត Deir al-Zour ។

ប្រភពដដែលបានបញ្ជាក់ថា ជនស៊ីវិល ១៦ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដែលដឹកនាំដោយអាមេរិក នៅភាគខាងជើងទីក្រុង Raqqa ដែលវាជារដ្ឋធានីរបស់ពួក IS ហើយប៉ុន្មានម៉ោងក្រោយមកទៀត ជនស៊ីវិល ១៥ នាក់ ត្រូវបានស្លាប់ផងដែរ ដោយសារការបំផ្ទុះមីន នៅតំបន់ជនបទមួយនៃទីក្រុង។

គួរបញ្ជាក់ដែរថា ការវាយប្រហារដែនអាកាសនៅទីក្រុង Raqqa និងខេត្ត Deir al-Zour បានកំណត់គោលដៅ ដោយក្រុមចម្រុះក្រោមការដឹកនាំរបស់អាមេរិក ដែលមានការគាំទ្រពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដើម្បីជំរុញការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅទីនោះ៕

មតិយោបល់