ព័ត៌មានអន្តរជាតិ

ប៉ូលិសអូស្រ្ដាលី បង្ក្រាបផែនការភេរវកម្មមួយ ពាក់ព័ន្ធនឹងការប្រើឧបករណ៍ផ្ទុះកែឆ្នៃទម្លាក់យន្តហោះមួយគ្រឿង

អូស្រ្ដាលីៈ អាជ្ញាធ័រក្នុងប្រទេស នៅថ្ងៃអាទិត្យនេះ បាននិយាយថា ពួកគេបានបង្ក្រាបផែនការភេរវកម្មមួយ ដែលមានគោលបំណងប្រើឧបករណ៍ផ្ទុះកែឆ្នៃ ដើម្បីទម្លាក់យន្ដហោះមួយគ្រឿង ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានប្រាប់ក្រុមអ្នកយកព័ត៌មានថា « កាលពីយប់មិញ គឺមានប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នាដ៏ធំមួយ ដើម្បីបង្ក្រាបផែនការភេរវកម្មគ្រោងទុក ដែលគេសង្ស័យថា មានគោលដៅចង់ទម្លាក់យន្តហោះ១គ្រឿង» ។

ក្នុងនោះលោកបានបន្ថែមថា មនុស្ស ០៤ នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន នៅក្នុងប្រតិបត្តិការវាយឆ្មក់ នៅទូទាំងទីក្រុងស៊ីដនី។

ក្រុមអ្នកស៊ើបអង្កេត បាននិយាយថា ប្រតិបត្តិការនេះ បានធ្វើទ្បើងបន្ទាប់ពីពួកគេទទួលបានព័ត៌មានថា មានផែនការទម្លាក់យន្តហោះមួយគ្រឿង ជាមួយនឹងការប្រើឧបករណ៍ផ្ទុះកែឆ្នៃ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្រ្តីលោក Malcolm Turnbull បានបញ្ជាក់ថា មកទល់ពេលនេះ សន្តិសុខត្រូវបានរឹតបន្តឹងបន្ថែម នៅព្រលានយន្តហោះក្នុងស្រុក និងអន្តរជាតិ៕

មតិយោបល់