ព័ត៌មានអន្តរជាតិ

នៅប្រេស៊ីលអ្នកទោស ៩១ នាក់ ហែកគុកចេញតាមរយៈផ្លូវរូងក្រោមដីចម្ងាយ ៣០ ម៉ែត្រ

ប្រេស៊ីលៈ ប្រភពពីមន្ត្រីនៅថ្ងៃព្រហស្បតិ៍ បាននិយាយថា យ៉ាងហោចណាស់អ្នកទោស ៩១ នាក់ បានរត់គេចខ្លួនចេញពីពន្ធនាគាមួយ នៅរដ្ឋ Rio Grande de Norte ភាគខាងជើងនៃប្រទេស តាមរយៈផ្លូវរូងក្រោមដីប្រវែង ៣០ម៉ែត្រ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៧។

បើតាមអភិបាលរដ្ឋ បាននិយាយថា ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងពន្ធនាគារ Pernamirim របស់រដ្ឋធានី Natal ។

អ្នកទោសទាំងនោះ បានរត់គេចខ្លួនតាមរយៈផ្លូវរូងក្រោមដីប្រវែងប្រមាណជា ៣០ ម៉ែត្រ ដែលនេះជាប្រវត្តិសាស្រ្ត នៃការហែកគុកចេញដ៏ធំបំផុត នៅក្នុងរដ្ឋ Rio Grande do Norte សម្រាប់លើកទី ៩ ហើយរហូតដល់ពេលនេះ។

ពន្ធនាគារនេះ ត្រូវបានធ្វើឡើង សម្រាប់ដាក់អ្នកទោសក្នុងអតិបរមា ៤៣៦ នាក់ប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា មានអ្នកទោសរហូតដល់ ៥៨៩ នាក់ឯណោះ។

គួរបញ្ជាក់ដែរថា ប្រព័ន្ធពន្ធនាគារនៅប្រទេសប្រេស៊ីល ត្រូវបានរងការរិះគន់ និងស្តីបន្ទោសយ៉ាងខ្លាំង ពីសំណាក់អ្នកសង្កេតការណ៍ ពាក់ព័ន្ធការផ្ទុកចំនួនអ្នកទោសលើសកំណត់ រួមទាំងការកើតមានអំពើហិង្សាញាំញី នៅក្នុងនោះផងដែរ៕

មតិយោបល់