កូរ៉េៈ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងជើង បានលុបចោលសកម្មភាពសម្ដែងវប្បធម៌រួមគ្នាមួយ ជាមួយកូរ៉េខាងត្បូង ដែលគ្រោងនឹងធ្វើនៅថ្ងៃទី៤ ខែកុម្ភៈខាងមុខ ដោយបានស្តីបន្ទោសទៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង សម្រាប់ការជេរប្រមាថជាសាធារណចំពោះកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។
រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននិយាយថា ខ្លួនគ្មានជម្រើសអ្វីក្រៅតែពីលុបចោលការសម្តែង ដែលគ្រោងនឹងធ្វើឡើង ក្នុងទឹកដីកូរ៉េខាងជើង នៅឯភ្នំ Kumgang ខណៈដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានបន្តប្រមាថមើលងាយនូវអ្វីដែលប្រទេសខ្លួនហៅថា ជាវិធានការស្មោះត្រង់ជាមួយគ្នា ទាក់ទងនឹងព្រឹត្តិការណ៍អូឡាំពិករដូវរងារ ដែលក្រុងសេអ៊ូល នឹងធ្វើជាម្ចាស់ផ្ទះនាខែខាងមុខ។
សូមជំរាប កាលពីដើមខែមករា កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានចាប់ផ្តើមការចរចារដ៏កម្រមួយ ដើម្បីនាំជនជាតិកូរ៉េខាងជើង ចូលទៅប្រកួតក្នុងកីឡាអូឡាំពិករដូវរងារឆ្នាំ ២០១៨ នៅទីក្រុង Pyeongchang បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បាននិយាយថា ខ្លួនមានបំណងបើកការពិភាក្សា ជាមួយទីក្រុងសេអ៊ូល។
ប្រទេសទាំងពីរ បានពិភាក្សាគ្នាស្តីពីការចូលរួមសម្ដែងរួមគ្នា និងការប្រគុំតន្រ្តីផ្សេងទៀត នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយវង់តន្រ្តីរបស់កូរ៉េខាងជើង នឹងបញ្ជូនអត្តពលិកកូរ៉េខាងត្បូង ដើម្បីមកហ្វឹកហាត់នៅរមណីយដ្ឋានជិះស្គីរបស់ប្រទេសពួកគេ៕
មតិយោបល់