អ៊ីស្លង់ ៖ លោកនាយករដ្ឋមន្ត្រីប្រទេសអ៊ីស្លង់ (Iceland) បានសម្រេចចុះចេញពីតំណែងហើយ ដែលនេះជារឿងហេតុដ៏ធំមួយ ដែលបានកើតឡើងក្រោយការលេចធ្លាយឯកសារទាំងឡាយរបស់ ប្រទេសប៉ាណាម៉ា ដែលបានបង្ហាញអំពីការក្លែងបន្លំនានាទៅលើ ផ្នែកហិរញ្ញវត្ថុបានមកពីការ វិនិយោគក្នុងដែនសមុទ្រ។
នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយសារព័ត៌មាន សិង្ហបុរី នៅព្រឹកថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៦។
ការបែកធ្លាយឯកសារចេញពីក្រុមហ៊ុន Mossack Fonseca ដែលមានមូលដ្ឋាននៅប្រទេស ប៉ាណាម៉ា នេះបានបង្ហាញថា នាយករដ្ឋមន្ត្រីអ៊ីស្លង់លោក Sigmundur Gunnlaugssom ជាម្ចាស់កម្មសិទ្ធិលើ ក្រុមហ៊ុនប្រេងក្នុងសមុទ្រមួយ ជាមួយនឹងភរិយារបស់លោក ប៉ុន្តែលោកមិនធ្លាប់បានបញ្ជាក់ថាមាន ទ្រព្យសម្បត្តិបែបនេះ ពេលចូលទៅកាន់តំណែងក្នុងសភានោះឡើយ។
នាយករដ្ឋមន្ត្រីខាងលើនេះ បានទទួលរងការចោទប្រកាន់ភ្លាមៗថាបាន លាក់បាំងលុយរាប់លានដុល្លារ ហើយដាក់បញ្ចូលទៅក្នុងទ្រព្យសម្បត្តិគ្រួសាររបស់លោក។ ទោះបីជាបែបនេះក្តីលោក Gunnlaugssom បានដោះសារថាលោកបានលក់ទ្រព្យសម្បត្តិទាំងនោះទៅឲ្យភរិយា របស់លោក រួចរាល់ហើយ ដូច្នេះលោកមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីស្លង់ គឺជាបុគ្គលមានមុខមាត់មួយរូប ក្នុងចំណោមបុគ្គលល្បីៗរាប់សិប រូបទៀត ដែលស្ថិតនៅក្នុងបញ្ជីដែលបានលេចធ្លាយដោយ ក្រុមហ៊ុនមួយនៅប៉ាណាម៉ា៕
ព័ត៌មានអន្តរជាតិ
មតិយោបល់