ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី អំពាវនាវឲ្យយោធាដើរតួនាទីសំខាន់ នៅក្នុងការប្រឆាំងនឹងអំពើភេរវកម្ម

ឥណ្ឌូនេស៊ី: ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានស្នើឲ្យយោធាប្រទេសខ្លួន (TNI) ដើរតួនាទីដ៏ចម្បងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅក្នុងប្រទេស។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។

លោក Widodo បាននិយាយនៅក្នុងកិច្ចប្រជុំគណ:រដ្ឋមន្រ្តី នៅវិមានប្រធានាធិបតីក្នុងទីក្រុង Bogor របស់ខេត្ត West Java កាលពីថ្ងៃច័ន្ទថា «នឹងផ្ដល់សិទ្ធិអំណាចឲ្យ TNI (យោធា) នៅក្នុងច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម»។

ពាក់ព័ន្ធនឹងការអនុញ្ញាតច្បាប់ឲ្យយោធា ធ្វើការប្រយុទ្ធប្រឆាំងអំពើភេវរកម្មនេះ កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីក្រសួងសន្តិសុខ លោក Wiranto បានធានាអះអាងថា «យោធានឹងមិនប្រើប្រាស់សិទ្ធអំណាចខុស ផ្ទុយពីអ្វីដែលរដ្ឋាភិបាល បានផ្តល់ទៅឲ្យពួកគេទ្បើយ»។

សូមជំរាបថា តួនាទីដ៏ទូលំទូលាយរបស់ TNI ដែលត្រូវបានស្នើឲ្យមាននៅក្នុងច្បាប់របស់ឥណ្ឌូនេស៊ី ធ្វើទ្បើងក្នុងគោលបំណង ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្មនេះ បានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ក្រុមសិទ្ធិមនុស្សនៅក្នុងប្រទេស ដោយពួកគេបានលើកទ្បើងថា យោធា អាចនឹងរំលោភអំណាចរបស់ខ្លួន៕

មតិយោបល់